ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់សំលៀកបំពាក់ស្តារលូ ២៨កំប្លេរ និងមានបំណងសុំទៅរដ្ឋាភិបាលអោយកម្មករទាំង២៨នាក់បានចូលក្របខ័ណ្ឌរដ្ឋត្រឹមត្រូវ

215
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញពីបំណងរបស់លោកថា លោកនឹងសុំទៅរាជរដ្ឋាភិបាលដើម្បីអោយកម្មករស្តារលូនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញចំនួន២៨នាក់បានចូលក្នុងក្របខ័ណ្ឌរដ្ឋត្រឹមត្រូវ ដោយសារតែលោកបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការបំពេញការងារទាំងមិនខ្លាចនើយហត់ បើទោះបីមានព្យុះភ្លៀងយ៉ាងណាក៏ដោយនោះ។
    ការបង្ហើបពីបំណងបែបនេះរបស់លោកលោក ខៀវ កាញារីទ្ធបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨នេះ ខណៈដែលលោកបានអញ្ជើញចែកសំលៀកបំពាក់ សម្រាប់ពាក់ស្តារលូ ថវិការ និងអង្ករវីតាមីន ជូនកម្មករស្តារលូនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញចំនួន២៨នាក់ នៅសួនច្បារវិមានឯករាជ្យ រាជធានីភ្នំពេញ។
    សម្ភារៈនិងថវិកាដែលត្រូវបានផ្តល់ជូនខាងលើនេះ រួមមាន សំលៀកបំពាក់ សម្រាប់ពាក់ស្តារលូចំនួន២៨កំប្លេរ(សម្រាប់២៨នាក់) ថវិការម្នាក់ៗចំនួន ១០មុឺនរៀល អង្ករចំនួន ១តោន និងអង្ករវីតាមីនចំនួន៣០កេស ។
   លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសនោះបានមានប្រសាសន៍សម្តែងនូវការកោតសរសើរចំពោះបងប្អូនកម្មករស្តារលូនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយកន្លងមកនេះក៏ដូចជាបច្ចុប្បន្នបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារទាំងមិនខ្លាចនើយហត់ បើទោះបីមានព្យុះភ្លៀងយ៉ាងណាក៏ដោយ ដើម្បីធ្វើយ៉ាងណាកុំអោយលូស្ទះបង្កការលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ លោក ខៀវ កាញារីទ្ធ ក៏បានថ្លៃងការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ចំពោះការដោះស្រាយបញ្ហាលិចលង់កន្លងមកផងដែរ។
    លោក ដួង ចាន់សារ៉ាត់ ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីការកោតសរសើរនិងការគិតគូរពីបងប្អូនកម្មករស្តារលូហើយនោះ លោក ខៀវ កាញារីទ្ធ ក៏មានបំណងសុំទៅរាជរដ្ឋាភិបាល ដើម្បីអោយកម្មករស្តារលូនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញទាំង២៨នាក់ ដែលបានបំពេញការងារពី១០ទៅ២០ឆ្នាំមកហើយនេះ បានចូលក្នុងក្របខ័ណ្ឌរដ្ឋត្រឹមត្រូវ ផងដែរ ពោលគឺពេលចាស់ចូលនិវត្ត ពួកគាត់អាចមានប្រាក់ខែចូលនិវត្តនឹងគេដែរ។
   លោក ដួង ចាន់សារ៉ាត់  ក្នុងឱកាសនោះបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោក ខៀវ កាញារីទ្ធ ដែលបានគិតគូរនិងយកចិត្តទុក្ខដាក់ដល់កម្មករស្តារលូរបស់លោកទាំង២៨នាក់នេះ ។លោកថា កម្មករស្តារលូរទាំងអស់ក្រោយពីទទួលបានសំលៀកបំពាក់ សម្រាប់ពាក់ស្តារលូនេះហើយ នឹងលែងមានការមុតដៃ មុតជើងនៅពេលស្តារលូទៀតហើយ៕
អត្ថបទដែលជាប់ទាក់ទង