បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវចោរចាក់សម្លាប់ប្លន់យកម៉ូតូ
រាជធានីភ្នំពេញ ៖ ករណីប្រទះឃើញសពបុរសអ្នករត់ម៉ូតូឌុបម្នាក់ សមត្ថកិច្ចបាន សន្និដ្ឋានបឋមថា អាចជាករណីប្លន់សម្លាប់យកម៉ូតូ ព្រោះជនរងគ្រោះបានបាត់ម៉ូតូហុងដាឌ្រីមសេ១២៥ ដែលគាត់យកទៅរត់ឌុប ដូច្នេះ អាចគាត់ដឹកប៉ះម៉ូយ ប៉ះចំចោរ ហើយល្បួងនាំទៅប្លន់សម្លាប់នៅទីនេះតែម្តង ។
នៅ ព្រឹកថ្ងៃទី១៤ កញ្ញា នេះ សាកសពដែលត្រូវគេសម្លាប់ដោយ អារក ចាក់និងវាយ មានឈ្មោះឡាញ់ វន អាយុ២៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុបពេលយប់ ស្នាក់នៅផ្ទះជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពត ។
បើតាមស្ត្រីជាប្រពន្ធបាននិយាយថា ប្តី តែងចេញរត់ឌុបម៉ូយនៅពេលយប់ ប៉ុន្តែគាត់ចូលផ្ទះវិញនៅម៉ោង១០យប់ទេ ។ នាងបន្តថា ចម្លែកកាលយប់មិញ អត់ឃើញប្តីមកផ្ទះទេ បាត់មួយយប់ហើយ គាត់ទាក់ទងទៅប្តីតាមទូរស័ព្ទក៏មិនបានទៀត។ លុះនៅព្រឹកឡើងទើបនាងទទួលដំណឹងថា ប្តីបានស្លាប់ទើបនាងមកដល់ទីនេះ ៕