ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថាបនាផ្លូវលេខ១១០ នៅឃុំឈើទាល ធ្វើឱ្យពលរដ្ឋលំបាកដោយសារយឺត ហើយភ្លៀង

145

ខេត្តកណ្ដាលៈ អ្នកស្រុកឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាលដែលរស់នៅ អមសងខាងផ្លូវលេខ១១០ នេះពួកគាត់បានស្នើទៅដល់ក្រសួងសាធរណៈការនិងដឹកជញ្ជូន អោយជួយជំរុញពន្លឿនទៅដល់អ្នកម៉ៅការ ស្ថាបនផ្លូវលេខ១១០ នៅក្នុងមូលដ្ឋានឃុំឈើទាលស្រុកគៀនស្វាយ ខេត្តកណ្ដាលនេះ អោយបានលឿនផងដែលអាចធ្វើទៅបាន ដើម្បីងាយស្រួលក្នុងធ្វើដំណើរ។

អ្នកស្រុកគាត់បាននិយាយប្រាប់កាល ពីថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ២០១៨នេះថា ផ្លូវលេខ១១០នេះដោយមានការស្ថាបនាមើលទៅមានការយឺតយ៉ាវបំផុត ដូចនេះវាបានបង្កការលំបាក ជាខ្លាំងក្នុងការធ្វើដំណើរដោយមធ្យោបាយនានា និងការរស់នៅរបស់ពួកគាត់ដោយផ្លូវហុយសំពោងងងិតមេឃ ហុយចូលពេញៗផ្ទះពិបាកទ្រាំនៅពេលមេឃរាំងដីផ្លូវស្ងួត ហើយនៅពេលមេឃភ្លៀងវិញ នោះផ្លូវដូចផ្លូវរទេះគោឡើង បែកភក់វ៉លរអិលដូចខ្លាញ់ ដល់ពេលឡានធុនធំបើកបរមកខ្ទាតភក់មកលើខ្លួន ប្រឡាក់សម្លៀកបំពាក់យ៉ាងអាក្រក់មើលបំផុត។ដូចនេះពួកគាត់បានស្នើសុំ ដល់ក្រសួងសាធារណៈការនិងដឹកជញ្ជូនមេត្តាជួយជំរុញ ពន្លឿនដល់អ្នកម៉ៅការស្ថាបនា ផ្លូវ១១០នេះអោយបានលឿនទៅតាមគម្រោងផងដែរ។

ជាមួយគ្នានេះលោកស្រីអ៊ុក សឿនមេឃុំឈើទាលស្រុកគៀនស្វាយក៏បានបញ្ជាក់ដែរថាដោយទទួលស្គាល់ថាផ្លូវ១១០នេះមានការស្ថាបនាយឺតពិតមែនហើយបើគិតពីថ្ងៃ ចុះមកស្ថាបនានោះមកដល់ថ្ងៃនេះមានរយះពេលជិតមួយឆ្នាំហើយ ដោយនៅកន្លែងខ្លះទើបបានចាក់ក្រាលថ្មមិចនិងក្រាលក្រួសក្រហមនៅឡើយដោយមិនទាន់បានចាក់កៅស៊ូនៅឡើយ។

ដូចនេះលោកស្រីមេឃុំ ឈើទាល គាត់សំណូមពរទៅដល់ក្រសួងសាធារណៈការនិងដឹកជញ្ជូន អោយជួយជំរុញបន្ថែម ដល់អ្នកម៉ៅការស្ថាបនាផ្លូវ១១០នេះ អោយបានលឿនហើយរួចរាល់តាមគម្រោងព្រោះអីសព្វថ្ងៃនេះតាមការពិនិត្យ មើលឃើញថាអ្នកម៉ៅការស្ថាបនាផ្លូវ១១០នេះគាត់ធ្វើយឺតដូចអ្នកគាត់ថាអ៊ីចឹង ដោយពុំដឹងមូលហេតុអ្វី។បើតាមគម្រោងផ្លូវនេះ ស្ថាបនារយះពេល១ឆ្នាំ ក្នុងចំងាយផ្លូវប្រវែង៤គីឡូម៉ែត្រតែគិតមកដល់ពេលនេះ ជិត១ឆ្នាំហើយនៅមិនទាន់ឃើញចាក់កៅស៊ូ ផ្លូវបានមួយម៉ែត្រការ៉េផងហ្និង ដោយនៅកន្លែងខ្លះបានចាក់ក្រាលថ្មមិចនិងក្រួសក្រហម តែប៉ុណ្ណោះ ដែលធ្វើអោយស្រុកគាត់មិនសូវសប្បាយចិត្តសោះ ដោយប៉ះពាល់សុខភាពនិងបរិស្ថានដល់ពួកគាត់ធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថាផ្លូវលេខ១១០នេះតភ្ជាប់ពីកំណាត់ផ្លូវ៣៦៩សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញមកដល់ឃុំឈើទាលស្រុកគៀនស្វាយខេត្តកណ្ដាលរហូតដល់ព្រុំដែនរវាងប្រទេសកម្ពុជានឹងប្រទេសវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង