ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាល កម្ពុជា កំណត់ផែនការ សកម្មភាពអនុវត្តបន្ត និងលើកកម្ពស់កិច្ចការហាឡាលនៅ កម្ពុជា ឲ្យល្អទៅមុខ

39

ភ្នំពេញ ៖ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» រៀបចំកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួនដើម្បីកំណត់ផែនការសកម្មភាពអនុវត្តបន្ត និងលើកកម្ពស់កិច្ចការហាឡាលនៅកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានរៀបចំកិច្ចប្រជុំលើកទី១របស់ខ្លួន ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដើម្បីណែនាំអំពីសមាសភាព គ.ត.ផ.ហ.ក. ដែលទើបតែងតាំងថ្មី និងពិនិត្យរបាយការណ៍របស់លេខាធិការដ្ឋាន គ.ត.ផ.ហ.ក. ប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ព្រមទាំងកំណត់ផែនការសកម្មភាពរបស់ គ.ត.ផ.ហ.ក. ដែលត្រូវអនុវត្តបន្ត។

លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ជាសមាជិក គ.ត.ផ.ហ.ក. លើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ កិច្ចការវិញ្ញាបនបត្របញ្ជាក់ បច្ចេកទេសស្តង់ដាផលិតផល ហាឡាលកម្ពុជា សម្រេចបាននូវការទទួលពាក្យស្នើសុំចំនួន ២២១ពាក្យស្នើសុំ បានចេញវិញ្ញាបនបត្រចំនួន ១៩៦វិញ្ញាបនបត្រ ដែលមាន១០០ក្រុម ហ៊ុន សហគ្រាស សិប្បកម្ម និងអាហារដ្ឋាន ស្មើនឹងផលិតផលចំនួន ៦១៩មុខទំនិញ។

លោកអគ្គនាយកបន្តថា អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ និងលេខាធិការដ្ឋាន គ.ត.ផ.ហ.ក. បានធ្វើការអំពាវនាវឱ្យក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងសេវាករទាំងអស់ ដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ បច្ចេកទេសស្តង់ដាផលិតផល ហាឡាលកម្ពុជា សូមទាក់ទងមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នៅរៀងរាល់ម៉ោងធ្វើការ។

លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ប្រតិភូពិសេស រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖ កិច្ចការហាឡាលគឺជាប្រធានបទដ៏សំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំង ដោយក្នុងនោះ ផលិតផលហាឡាល មិនត្រឹមតែមានតម្រូវការខ្ពស់ សម្រាប់ប្រទេសដែលកាន់សាសនាឥស្លាមប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសដទៃទៀត ក៏មានតម្រូវការផលិតផល ហាឡាលផងដែរ ដោយសារពាក្យថា “ហាឡាល” គឺសំដៅលើភាពស្អាត ឬអនាម័យខ្ពស់ ដែលធ្វើការផលិតដោយ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិឥស្លាម។
លោក បានជំរុញ និងលើកទឹកចិត្ត ឱ្យក្រុមការងារបច្ចេកទេស ជាពិសេសក្រុម ឯកទេសផលិតផលហាឡាល និងមន្ត្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ក្នុងនាមជាសេនាធិការនៃ គ.ត.ផ.ហ.ក. បន្តនិរន្តរភាពកិច្ចការហាឡាលនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត ដើម្បីទទួលបាននូវការគាំទ្រ និងទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន។
ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ គណៈកម្មាធិការត្រួត ពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងការអនុវត្តការងារនាពេលកន្លងមក ជាពិសេសការបន្តជំរុញ ឱ្យកិច្ចការនេះមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យ មានការបញ្ចូលបន្ថែមទៀត នូវសមាជិកសមាជិការដែល មានសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ ពាក់ព័ន្ធនឹងកិច្ចការហាឡាល នេះផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង