ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​មួយ​ក្រុមមាន​គ្នា​បី​ម៉ូតូ ​ធ្វើ​សកម្ម​ភាព​ធាក់ប្លន់ម៉ូតូមួយគ្រឿងបាន​សម្រេច , ប្លន់ចំជនរងគ្រោះមានកាំភ្លើង បាញ់បណ្តាលឲ្យស្លាប់ចោរម្នាក់

42

 

ភ្នំពេញ ៖ ជនសង្ស័យ​មួយ​ក្រុមមាន​គ្នា​បី​ម៉ូតូ​ធ្វើ​សកម្ម​ភាព​ធាក់​ប្លន់​ម៉ូតូមួយគ្រឿងបាន​សម្រេច ​តែ​ត្រូវ​ជន​រង​គ្រោះ​ដកកាំ​ភ្លើង​ខ្លី​បាញ់​ជា​ច្រើន​គ្រាប់​បណ្ដាល​ឲ្យ​ជន​សង្ស័យ​ម្នាក់​ស្លាប់​ភ្លាម​ៗ​ រីឯ​បក្សពួក​រត់​គេច​ខ្លួន​បាត់​ ។ ហេតុ​ការណ៍​នេះ កើតឡើង​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​៥០ម៉ែត្រ​ ក្នុង​សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៥និង​៤៥នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០២២។

មុនពេលកើតហេតុជនរងគ្រោះជាសមត្ថកិច្ចបញ្ជាក់ថា ជាមន្រ្តីយោធាម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JC-4840 ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ចេញពីម្តុំវត្តឬស្សីសាញ់ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុផ្លូវស្ងាត់ អត់សូវមានមនុស្សផងនោះ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង ប្រដាប់ដោយអាវុធខ្លី១ដើម បានជិះមកក្បែរជនរងគ្រោះ ធាក់ផ្តួលប្លន់យកម៉ូតូពីជនរងគ្រោះ បម្រុងនឹងជិះរត់គេចខ្លួន ពេលនោះជនរងគ្រោះបានដកកាំភ្លើងខ្លីម៉ាកLOCK មួយដើមបានបាញ់ចំនួន៩គ្រាប់ ត្រូវចំពីក្រោយជនសង្ស័យ៣គ្រាប់ បណ្តាលឲ្យដេកដួលស្លាប់ក្បែរម៉ូតូរបស់ជនរងគ្រោះភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ព្រៃស កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងការិយាល័យកោសល្យវិច័យ និងបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថខណ្ឌដង្កោ បានចុះទៅទីតាំងកើតហេតុបើកការស្រាវជ្រាវ និងពិនិត្យជុំវិញបរិវេណទីតាំងកើតហេតុខាងលើ និងរកឃើញសំបកគ្រាប់កាំភ្លើង ដែលបាញ់រួចចំនួន៩គ្រាប់ ដែលជាប្រភេទអាវុធខ្លីម៉ាកLOCK ផលិតនៅប្រទេសអូទ្រីស និងបានឃាត់ខ្លួនខ្មាន់កាំភ្លើង ដែលជាមន្ត្រីយោធាខាងលើ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ។

ចំណែកសពជនសង្ស័យ សមត្ថកិច្ចបានដឹកតាមរថយន្តដឹកសព យកទៅតម្កល់ទូកនៅវត្តឬស្សីសាញ់ ដើម្បីធ្វើការស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង