ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួកបីនាក់ ផ្សេងទៀត ដែលធ្វើសកម្មភាពកាប់ ទៅលើជនរងគ្រោះបណ្តាល ឱ្យរងរបួសក្បាលត្រូវ សមត្ថកិច្ចនគរបាលស្រុកបវេល ឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់
បាត់ដំបង៖ កាលពីថ្ងៃ ពុធ ៦រោចខែផល្គុនឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២ អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងក្នុងផែ្នកជំនាញ ធ្វើការឃាត់ខ្លួន ជនសង័្សយចំនួន ០១នាក់ឈ្មោះ ចាន់ មុនី ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិបវេល០២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាវចំពោះករណីហិង្សា ដោយចេតនាបណ្តាលឱ្យរបួសជនរងគ្រោះ ។
សូមជម្រាបជូនថា មូលហេតុដែលនាំដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ១៩និង ៤០នាទី នៅចំណុចភូមិក្តុលលើ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង មានករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើង ដែលករណីនេះ បង្កដោយជនសង័្សយខាងលើនិងបក្សពួកមួយចំនួនទៀត បានប្រើប្រាស់កាំបិត កាប់ទៅលើជនរងគ្រោះឈ្មោះ វឿន ថាណាត ហៅ ង៉ា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិតាហែន ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដោយសាររឿងទំនាស់បណ្តាលឱ្យរងរបួសធ្ងន់ផ្នែកក្បាល ហើយក្រុមជនសង័្សយបានគេចខ្លួនបាត់ រីឯជនរង គ្រោះត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
នៅក្រោយពេលកើតហេតុ និងទទួលពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះរួចមកសមត្ថកិច្ចនគរបាលស្រុក បានផ្តើមធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញានិងឈានទៅធ្វើការឃាត់ខ្លួនតែម្តង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួននិងបក្សពួកចំនួន០៣នាក់ទៀតពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ វឿន ថាណាត បណ្ដាលឱ្យរងរបួស ពិតប្រាកដមែន ដោយសាររឿងទំនាស់ ហើយពេលនេះ សមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ រីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចកំពុងស្វែងរកដើម្បីឃាត់ខ្លួន ៕