ចំណីអាហារមានសារធាតុគីមីមួយចំនួនត្រូវបានមន្ត្រីកាំកុងត្រូលរកឃើញតាមផ្សារនានា
(ត្បូងឃ្មុំ)៖ មុនឪកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលខិតចូលមកដល់ឆាប់ៗនេះ ដើម្បីធានាសុខភាពជូន ប្រជាពលរដ្ឋជាអ្នកទទួលទាននោះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពទំនិញ ដោយធ្វើការត្រួតពិនិត្យស្លាកសញ្ញា កាលបរិច្ឆេទប្រើប្រាស់ព្រមទាំងធ្វើតេស្តឃីតលើបន្លែត្រីសាច់ ព្រមទាំងផលិតផលម្ហូបអារហារមួយចំនួនទៀត នៅផ្សារចុងជាច និងផ្សារតំបែរ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោក មាស មោរ៉ា បានឲ្យដឹងថា ក្រោមការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានឲ្យសាខាកាំកុងត្រូលទាំងអស់ទូទាំងប្រទេស អនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ លោក រួមទាំងមន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ។
ជាក់ស្តែងនៅថ្ងៃនេះ បានបន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពចទំនិញ នៅផ្សារទាំង២ខាងលើ ក្នុងគោលបំណងតែមួយគត់ គឺចង់ឲ្យប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពល្អ លើសពីនេះ គឺដើម្បីឲ្យគាត់យល់ដឹងដោយខ្លួនឯង ពីរបៀបជ្រើសរើសម្ហូបអាហារណាដែលមានគុណភាព សុវត្ថិភាពយកមកទទួលទានផងដែរ ។
ក្រោយលទ្ធផលត្រួតពិនិត្យ និងធ្វើតេស្តឃីតភ្លាមៗ រកឃើញមានផ្ទុកនូវសារធាតុបូរ៉ាក់ ដែលជាសារធាតុគីមីហាមឃាត់ ធ្វើឲ្យសាច់ស្វិតល្អមិនខូចមិនស្អុយនៅស្រស់ និងទុកបានយូរ ដែលវាបណ្តាលឲ្យប៉ះពាល់ដល់សុខភាព លោកប្រធានកាំកុងត្រូលខេត្ត បានចាត់វិធានការដកហូតប្រហុក៤គីឡូក្រាម, ស្ករត្នោត៥គីឡូក្រាម, ត្រីងៀតសំយ៉ុង៣គីឡូក្រាម ព្រមទាំងធ្វើកិច្ចសន្យាជាមួយអាជីវករ បញ្ឆប់ការលក់ផលិតផលទាំងនេះ បន្តទៀតជាដាច់ខាត។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានធ្វើការបិទPoster ពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ព្រមទាំងធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពអោយច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕