ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯម ឡេងលីប្រកាស ឡើងសង្វៀន ជាមួយឃុន ក្រុងថេប

89

​ភ្នំពេញ: អ្នកប្រដាល់កម្ពុជាឯម ឡេងលីក្លិបថ្មគោលពោធិ៍សែនជ័យ ប្រកាសថាគេនឹងខិតខំ យកឈ្នះអ្នកប្រដាល់ជើងខ្លាំងថៃឃុន ក្រុងថេប(Khun Krongthep) ឲ្យទាល់តែបាន នៅក្នុងការប្រកួត លើសង្វៀនអាស៊ីអាគ្នេយ៍នា រសៀលថ្ងៃទី១៦កញ្ញាខាងមុខនេះ ។

​សូមបញ្ជាក់ថាមួយរយៈនេះឃុន ក្រុងថេបបានយកឈ្នះអ្នកប្រដាល់កម្ពុជា បានស្ទើរតែគ្រប់ការប្រកួតតែម្ដង ដោយសារតែគេពូកែ ខាងប្រើកែងគម្រាម ។ពេលនេះឯម ឡេងលីបានសុំសាកថ្វីដៃ ជាមួយអ្នកប្រដាល់ជើងខ្លាំងថៃរូបនេះ ដើម្បីឲ្យដឹងថាតើរូបគេ មានសមត្ថភាពផ្ដួលក្រុងថេបឬទេ ?

​ឡេង លីមានប្រវត្តិប្រកួតចំនួន៤០ដង ឈ្នះ៣១ដង ចាញ់៨ដង និងស្មើពិន្ទុ ១ ដង ។នេះជាកំណត់ត្រាមួយ ដែលបង្ហាញថា ឡេងលីមិនខ្សោយឡើយ ។ ចំពោះឃុន ក្រុងថេបវិញគេមានប្រវត្តិ ប្រកួតចំនួន៨៧ដង ឈ្នះ៦៩ដង និង ចាញ់១៨ដង ។នរណានឹងឈ្នះក្នុងការប្រកួតនេះ ?

​វេង សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ថៃហា ឆ្លាម(Ha Chhlam) ដែលប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

​សុភ័ក្រ្តជាអ្នកប្រដាល់មួយរូប ដែលវ៉ៃល្អនៅពេលប្រកួតជាមួយ អ្នកប្រដាល់រួមជាតិគេវ៉ៃល្អណាស់ តែពេលប្រកួត ជាមួយអ្នកប្រដាល់ថៃ គេហាក់ដូចជាវ៉ៃចេញមិនរួចទៅវិញ ។ តាមពិតសុភ័ក្រ្តគេមានផ្លែល្អ គ្រប់ទាំងអសលគឺទាំងជង្គង់ កែង ទាត់ និង កណ្ដាប់ដៃ ។ អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន៨៣ដង ឈ្នះ៦៩ដង ចាញ់១៣ដង និងស្មើពិន្ទុ ១ ដង ។

ហា ឆ្លាមទោះបីគេធ្លាប់មកប្រកួតស្រុកខ្មែរ បានមួយលើករួចទៅហើយក៏ដោយ តែនេះជាលើកទី១ហើយ ដែលគេមកប្រកួត នៅសង្វៀនអាស៊ីអាគ្នេយ៍ ។ គេមានប្រវត្តិប្រកួតចំនួន ៥៨ដង ឈ្នះ៥១ដង និងចាញ់៧ដង ។សុភ័ក្ត្រអាចយកឈ្នះ អ្នកប្រដាល់ថៃរូបនេះ បានឬទេ ?៕

អត្ថបទដែលជាប់ទាក់ទង