ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់រលំអគារសល់ពីសម័យបារាំងនៅតំបន់ Pub Street ស្លាប់ម្នាក់ និងរបួស៤នាក់

102

សៀមរាប៖ បាក់រលំអគារសល់ពីសម័យបារាំង នៅតំបន់ Pub Street ជិតផ្សារចាស់ ខេត្តសៀមរាប បណ្តាលឲ្យកម្មករដែលធ្វើការក្នុងការដ្ឋានជួសជុលអគារស្លាប់ម្នាក់ និង៤នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១៦ខែកញ្ញានេះ នៅខេត្តសៀមរាប។

ជនរងគ្រោះទាំងនោះរួមមាន៖ ទី១-ឈ្មោះ ឃុំ ពេជ្រ​ ភេទ​ប្រុស​ អាយុ១៦ឆ្នាំ​ បានស្លាប់, ទី២-ឈ្មោះ​ ម៉ុត​ រី​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ រងរបួស​លើភ្នែកឆ្វេង​ និងជើងឆ្វេង, ៣-ឈ្មោះ​ ឌី​ ស្នា​ ភេទ​ប្រុស​ អាយុ២៧ឆ្នាំ​ រងរបួសស្រាល, ទី៤- ឈ្មោះ​ សល់​ សេក​ ភេទ​ប្រុស​ អាយុ ២៧ឆ្នាំ​ របួស​បែកចឹញ្ចើមស្តាំ, ៥-​ឈ្មោះ​ មឺ​ មេត​ ភេទ​ប្រុស​ អាយុ៣០ឆ្នាំ​ របួសបែកក្បាល​ និង​ជង្គង់ឆ្វេង។ អ្នកទាំង៥នាក់ខាងលើ ​រស់នៅភូមិ​ធ្វាស​ ឃុំ​ត្រីញ័រ​ ស្រុក​ពួក​ ខេត្ត​សៀមរាប។

នៅម៉ោងជាង១២ រំលងអធ្រាត្រឈានចូល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតំបន់ Pub Street ជិតផ្សារចាស់ខេត្តសៀមរាប ក្នុងមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីបាក់រលំអគារ ដែលនៅសល់ពីសម័យបារាំង បណ្តាលឱ្យគាបជាប់កម្មករ៥នាក់។ កម្លាំងអាជ្ញាធរ បានព្យាយាមយកឡានស្ទួច និងអេស្កាវ៉ាទ័រ ជួយកាយនឹងទាញយកកម្មករទាំង៥នាក់ ដែលជាប់ក្រោមថ្មចេញ តែទោះជាយ៉ាងណាកម្មករ៤នាក់ បានជួយសង្គ្រោះបាន។ ដោយឡែកម្មករម្នាក់បានស្លាប់ ព្រោះរងរបួសធ្ងន់ធ្ងរពេក។

ហេតុការណ៍នេះ បណ្តាលឲ្យកម្មករស្លាប់ម្នាក់ ហើយត្រូវបានអាជ្ញាធរប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រណី និងកម្មករ៤ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង