ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុត្តិធម៌បើមិនទាមទារមិនបាន? ក្រោយទាមទារព្រះរាជអាជ្ញា​សម្រេចអនុញ្ញាតឲ្យអាជីវករផ្សារព្រៃទាត្រឡប់ទៅផ្ទះវិញ

139


ភ្នំពេញ៖ ក្រោយមានការតវ៉ា ព្រះរាជអាជ្ញា បានសម្រេចអនុញ្ញាតឲ្យ អាជីវផ្សារព្រៃទារចំនួន៤នាក់ ក្នុងនោះម្នាក់ជាសាក្សី ត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីធ្វើកិច្ចសន្យាអប់រំ និងពន្យល់ណែនាំអំពីនីតិវិធីច្បាប់ ក្រោយក្រុមអាជីវករបានប្រើ​អំពើហិង្សា និងចាប់កោរសក់ ទៅលើនារីជាជនសង្ស័យម្នាក់ ដែលបានលួចទូរស័ព្ទនៅក្នុងផ្សារ។

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បន្ទាប់ពីមានគោលការណ៍ អនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យក្រុមអាជីវករផ្សារព្រៃទារចំនួន៤នាក់ ក្នុងនោះម្នាក់ជាសាក្សីបំភ្លឺ ត្រឡប់ទៅវិញ នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។

ក្រោយការឃាត់ខ្លួន​អាជីវករ៤នាក់នេះ ក្រុមអាជីវផ្សារព្រៃទា ជាច្រើននាក់ផ្សេងទៀត នៅថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ ក៏បាននាំគ្នាតវ៉ាដើម្បីឲ្យមានការដោះលែង អាជីវករដូចគ្នាត្រឡប់ទៅផ្ទះវិញ​ ដោយលើកហេតុផលផ្សេងៗផងដែរ។

ក្នុងនោះដែរលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់អំពើហិង្សា ទៅលើជនសង្ស័យ នៅពេលចាប់ខ្លួនបាន ត្រូវបញ្ជូនទៅកម្លាំងនគរបាលមូលដ្ឋាន ដើម្បីចាត់ការបន្ដតាមនីតិវិធី ព្រោះថាពេលខ្លះការប្រើប្រាស់អាចបណ្ដាលឲ្យជនល្មើសស្លាប់ ឬពេលខ្លះជននោះ​ សមត្ថកិច្ចមិនទាន់កំណត់រកឃើញបទល្មើសនៅឡើយទេ។

គួរបញ្ជាក់ថា អាជីវករផ្សារព្រៃទាចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាល ហៅមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោយ​ពាក់ព័ន្ធចាប់ស្ដ្រីជនសង្ស័យជាចោរលួចម្នាក់ កោរសក់ និងធ្វើទារុណកម្មលើរូបរាងកាយ​ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨​។

ក្រោយមានវីដេអូនៃការចាប់កោរសក់ និងប្រើប្រាស់ហិង្សា ត្រូវបានចែកចាយពេញបណ្ដាញសង្គម Facebook ធ្វើឲ្យមហាជនខ្លះរិះគន់ចំពោះសកម្មភាពនេះផងដែរ ដោយបញ្ចេញមតិថា មិនត្រូវប្រើហិង្សានោះទេ គឺត្រូវចាប់បញ្ជូនទៅសមត្ថកិច្ចចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង