ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសេដ្ឋកិច្ច ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី គោលនយោបាយ និង ទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា

42

 

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បាន​ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីគោលនយោបាយ និង ទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។

គោលនយោបាយ និង ទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ជាផ្នែកមួយដ៏សំខាន់នៃជីវិតរស់នៅប្រចាំថ្ងៃ និង ផ្តល់នូវកាលានុវត្តភាពសម្រាប់ការ បង្កើតនូវធុរកិច្ចថ្មីៗដែលមានសក្តានុពល និងនវានុវត្តន៍។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំង ក្នុងការទាញយកឧត្តមប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ក្នុងការកសាងសេដ្ឋកិច្ចឌីជីថល ដែលនឹងក្លាយជាសសរស្តម្ភដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា។ ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩, បច្ចេកវិទ្យាឌីជីថលបានចូលរួមចំណែកកាន់តែខ្លាំងក្នុងការរក្សាស្ថិរភាព និងសកម្មភាពសេដ្ឋកិច្ច, ការជំរុញពិពិធកម្មសេដ្ឋកិច្ច និង ការបង្កើតឱកាសការងារក៏ដូចជាអាជីវកម្មថ្មីៗដែលមានសក្តានុពល។ ក្នុងន័យនេះ, ឌីជីថលូបនីយកម្មបានក្លាយជានិន្នាការ និង ជាកម្លាំងចលករដ៏មានឥទ្ធិពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

កាលពីខែឧសភា ឆ្នាំ ២០២១រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ដោយចាត់ទុកសេដ្ឋកិច្ចឌីជីថល ជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មីផង និងជាប្រព័ន្ធអេកូឡូស៊ីរួមចំណែកបង្កើនផលិតភាពសេដ្ឋកិច្ច នៅក្នុងវិស័យផ្សេងទៀត។ បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាទូទៅត្រូវបានគេហៅថា FinTech គឺជាមូលដ្ឋានដ៏ចាំបាច់មួយផងដែរ ក្នុងនិម្មាបនកម្មសេដ្ឋកិច្ចឌីជីថល។ យ៉ាងណាមិញ, វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាបាននិងកំពុងប្រឈមមុខជាមួយបញ្ហាមួយចំនួន រួមមាន៖ កង្វះខាត និង ភាពមិនច្បាស់លាស់ក្នុងក្របខណ្ឌបទប្បញ្ញត្តិ, កង្វះខាតការគាំទ្រដល់ការអនុវត្ត ឌីជីថល, កង្វះខាតធនធានមនុស្ស និង កង្វះខាតនូវនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យដទៃទៀត ក្រៅពីវិស័យធនាគារ។

ដើម្បីកសាងនយោបាយរួមក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា, កម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” រយៈពេល មួយថ្ងៃកន្លះ នាថ្ងៃទី ២៦ និង ២៧ ខែ មេសា ឆ្នាំ ២០២២ វេលាម៉ោង ៨និង៣០នាទី ព្រឹកនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)។ សិក្ខាសាលានេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ហើយក៏មានការអញ្ជើញ ចូលរួមពី ថ្នាក់ដឹកនាំក្រសួង, តំណាងក្រសួង-ស្ថាប័ន, ស្ថានទូត, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ និង មិនមែនធនាគារ, សមាគម, ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ, ធុរជន និង នវានុវត្តជន។

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖ (១) ប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធ សម្រាប់ការរៀបចំ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា, (២) លើកកម្ពស់ការ យល់ដឹងអំពីការវិវត្តវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និង បញ្ហាប្រឈមក្នុងប្រទេសកម្ពុជា និង (៣) ចែករំលែកគំនិត និង ទស្សនវិស័យរបស់អ្នកជំនាញ ដែលមានគោលដៅក្នុងការជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅយ៉ាងរលូន និង ទទួលបានលទ្ធផលដូចការរំពឹងទុក ដោយមានអន្តរសកម្ម និង ការពិភាក្សាគ្នាយ៉ាងផុសផុលរវាងវាគ្មិន និង អ្នកចូលរួម ប្រកបដោយស្មារតីចែករំលែក និងយកចិត្តទុកដាក់ខ្ពស់។ តាមរយៈសិក្ខាសាលានេះ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ទទួលបាននូវធាតុចូលល្អៗជាច្រើនពីអ្នកចូលរួមដែលជាអ្នកជំនាញ និង មានបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជាបានយល់ដឹងកាន់តែស៊ីជម្រៅពីឧត្តមានុវត្តន៍, ក្របខណ្ឌបទប្បញ្ញត្តិ, បញ្ហាប្រឈម និង ការ វិវត្តចុងក្រោយនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសដែលជាសមាជិកអាស៊ាន រួមមានប្រទេសសិង្ហបុរី, ថៃ, ឥណ្ឌូនេស៊ី និង ហ្វីលីពីន ផងដែរ។

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ គឺជាជំហានចាប់ផ្តើមដ៏ល្អនៅក្នុងដំណើរការនៃការតាក់តែង សេចក្តីព្រាងគោលនយោបាយ ដែលមានលក្ខណៈប្រទាក់ក្រឡា, មុតស្រួច, គ្រប់ជ្រុងជ្រោយ, និង ងាយបត់បែន ប្រកបដោយប្រសិទ្ធភាព និង បរិយាបន្ន។ យ៉ាងណាមិញ, ការបន្តប្រមូលធាតុចូលល្អៗឱ្យបានកាន់តែច្រើន និង ជាក់លាក់ពីតួអង្គពាក់ព័ន្ធក្នុងវិស័យសំខាន់ៗ នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងដំណើរតាក់តែងសេចក្តីព្រាងគោលនយោបាយនេះ ពិតជាមានភាពចាំបាច់។ ក្នុងន័យនេះ, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នឹងបន្ត រៀបចំសិក្ខាសាលាជាបន្តបន្ទាប់ទៅតាមវិស័យនីមួយៗ ដូចជាវិស័យធានារ៉ាប់រង, វិស័យធនាគារ និង វិស័យ ហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Finance)។

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល មានជំនឿចិត្តយ៉ាងមុតមាំថា គោលនយោបាយអភិវឌ្ឍ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នឹងចូលរួមចំណែកក្នុងការកំណត់នូវទិសដៅ គោលការណ៍ និង វិធានការគោលនយោបាយ ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា សម្រាប់ទាំងវិស័យហិរញ្ញវត្ថុធនាគារ, វិស័យហិរញ្ញវត្ថុមិនមែនធនាគារ និង វិស័យហិរញ្ញវត្ថុវិមជ្ឈការ ប្រកបដោយយុទ្ធសាស្ត្រ និង ភាពគ្រប់ជ្រុងជ្រោយ។ ការណ៍នេះនឹងអាចជួយកសាងមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពអាទិភាព និង ជាក់លាក់ សំដៅអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង