លោក ឌី រ័ត្នខេមរុណ អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋាន សង្កាត់បឹងទំពន់ទី១ ចុះជួបសមាជិកគណបក្សប្រជាជន ចំនួន ១១១នាក់ ក្នុងភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន ១១១នាក់ ស្ថិតនៅភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងពិធីជួបសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ បានមានមតិស្វាគមន៍ និងបានសំណេះ សំណាល ក៍ដូចជាការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជូនដល់សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមក្នុងពិធីសំណេះ សំណាលនាពេលព្រឹកនេះ ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានលើកឡើងពីវឌ្ឍនភាព ការអភិវឌ្ឍន៍ សន្តិភាព និងសមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន ដែលកំពង់ទទួលបាននាពេលបច្ចុប្បន្ន និងសមិទ្ធិផលជាច្រើនទៀត ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការគិតគូប្រទេសជាតិ និងជួយសង្រ្គោះ អាយុជីវិត ប្រជាជនកម្ពុជាតាំងពីដើមរៀងមក និងបានបញ្ជាក់បន្ថែមថា គ្រប់សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវប្តេជ្ញាចិត្ត ចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ ឲ្យស្ថិតស្ថេរគង់វង្សជារៀងរហូត ទើបយើងអាចបន្តជួបជុំក្រុមគ្រួសារ និងបន្តមើលឃើញពីការអភិវឌ្ឍន៍គ្រប់វិស័យរបស់គណបក្សប្រជាជនយើងទៀត
និង សូមប្រឆាំងដាច់ខាតរាល់ឧបាយកលជនទុច្ចរិតរបស់ពួកអគតិមួយចំនួនដែលមានបំណងបំផ្លាញសុខសន្តិភាព ។
ម្យ៉ាងវិញទៀត លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានណែនាំដល់ក្រុមការងារសង្កាត់អោយត្រៀមបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ នៅរាល់លិខិតស្នាមឯកសារផ្សេងៗ ដែលតំរូវអោយចូលរួមបោះឆ្នោត និង ណែនាំអោយសមាជិកបក្ស ត្រៀមខ្លួន និងត្រៀមលក្ខណៈអោយបានគ្រប់គ្រាន់ សម្រាប់ការចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះដែលជិតចូលមកដល់ ។
ក្រោយពិធីសំណេះសំណាលនេះរួចមក លោក ឌី រ័ត្នខេមរុណ បាននាំយកថវិកាក្រុមការងារផ្តល់ជូនសមាជិក សមាជិកាគណបក្សចំនួន ១១១នាក់ ដោយក្នុង១ម្នាក់ ២០,០០០ រៀលផងដែរ ៕