ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈមេធាវីកម្ពុជា៖ ៥ ចំណុចពីបទពិសោធន៍របស់ សាលាក្ដីខ្មែរក្រហម ពាក់ព័ន្ធនឹងជនគ្រោះ គួរត្រូវបានពិចារណាដាក់បញ្ចូល (កំណែទម្រង់) ក្នុងប្រព័ន្ធច្បាប់ និងតុលាការថ្នាក់ជាតិ

98

ភ្នំពេញ៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ នេះ ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសម្រាប់កម្មវិធីសិក្ខាសាលាថ្ងៃទី៣ រៀបចំដោយសាលាក្ដីខ្មែរក្រហមស្ដីអំពី« ជនរងគ្រោះ និងការផ្សព្វផ្សាយរបាយការណ៍ប្រឹក្សាអំពីសកម្មភាពនានាពាក់ព័ន្ធនឹងជនរងគ្រោះនៅអំឡុងពេលអនុវត្តការងារសេសសល់ក្រោយតុលាការរបស់ អ.វ.ត.ក.» នៅក្នុងសណ្ឋាគារ ហៃយ៉ាត់ ក្រុងភ្នំពេញ។
ក្នុងសុន្ទរកថានោះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា តាមបទពិសោធន៍របស់លោកដែលធ្លាប់អនុវត្តការងារនៅក្នុងសាលាក្ដីខ្មែរក្រហម និងការអនុវត្តកិច្ចការទាំងឡាយនៅក្នុងសាលាក្ដីនេះ ពាក់ព័ន្ធទៅនឹងជនរងគ្រោះ លោកយល់ថា មានចំណុចសំខាន់ចំនួន ៥ គួរត្រូវបានដកស្រង់យកមកបញ្ចូល ឬកំណែទម្រង់ក្នុងប្រព័ន្ធច្បាប់ និងតុលាការថ្នាក់ជាតិរបស់កម្ពុជា។ ចំនុចទាំង៥នោះរួមមាន៖

ទី១. គួរបង្កើតឲ្យមានការិយាល័យគាំពារជនរងគ្រោះនៅតាមតុលាការថ្នាក់ជាតិ ដើម្បីផ្ដល់ការគាំពារដល់ជនរងគ្រោះដែលត្រូវបានទទួលការគាំពារ។ ជនរងគ្រោះទាំងនោះមានដូចជាជនរងគ្រោះជាស្ដ្រី ក្មេងស្រី កុមារ ជនពិការ ចាស់ជរា ជនអនាថា។ល។

ទី២. គួរបង្កើតឲ្យមានការិយាល័យគាំពារផ្លូវចិត្ដ ដែលក្នុងនោះមានមន្ដ្រីជំនាញផ្នែកចិត្តសាស្ដ្រនៅប្រចាំការ ដើម្បីរង់ចាំផ្ដល់សេវាគាំពារផ្លូវចិត្តជូនជនរងគ្រោះនៅក្នុងអំឡុងពេលផ្ដល់សក្ខីកម្មនៅតុលាការ។ អ្នកជំនាញផ្នែកចិត្តសាស្ដ្រនោះ អាចចូលរួមក្នងនីតិវិធីជំនុំជម្រះ ដោយត្រូវអង្គុយអមជាមួយជនរងគ្រោះក្នុងសាលសវនាការ។

ទី៣. គួរបង្កើតឲ្យមានការិយាល័យទំនាក់ទំនាក់សាធារណៈ ដើម្បីផ្ដល់ព័ត៌មានឲ្យបានច្រើនអំពីសកម្មភាពរបស់តុលាការ ដើម្បីឲ្យសាធារណជនទុកចិត្តលើដំណើរការរបស់តុលាការ។ ឯកឧត្តមបន្ថែមថា យើងអាចដកស្រង់បទពិសោធន៍ពីអង្គភាពកិច្ចការសាធារណៈរបស់ អ.វ.ត.ក. ដែលធ្វើកិច្ចការពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយដូចជា ធ្វើការជូនដំណឹងដល់សាធារណៈជនអំពីកិច្ចការទូទៅរបស់តុលាការ ដើម្បីឲ្យយល់ច្បាស់អំពីដំណើការនៃប្រព័ន្ធយុត្តិធម៌កម្ពុជា និងធ្វើកិច្ចការខាងបច្ចេកទេសសោតទស្សន៍ពាក់ព័ន្ធនឹងកិច្ចដំណើរការនីតិវិធីជំនុំចម្រះលើរឿងក្ដីពិសេសមួយចំនួន ឧទាហរណ៍ រឿងក្ដីដែលជនរងគ្រោះត្រូវការវិធានការការពារជាដើម។ល។

ទី៤. ផ្ដល់វិធានការការពារសន្ដិសុខជូនជនរងគ្រោះ និងសាក្សី មួយចំនួនក្នុងអំឡុងពេល និងក្រោយពេលជំនុំជម្រះក្ដី ប្រសិនបើចាំបាច់
ទី៥. គួរបង្កើតឲ្យមានទម្រង់នៃសំណងជានិម្មិតរូបសម្រាប់រឿងក្ដីពិសេសមួយចំនួន ឧទាហរណ៍រឿងក្ដីពាក់ព័នធនឹងការរើសអើងជាតិសាសន៍ជាដើម។

សូមជម្រាបជូនថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឬសាលាក្ដីខ្មែរក្រហម បានរៀបចំសិក្ខាសាលាស្ដីអំពី « ជនរងគ្រោះ និងការផ្សព្វផ្សាយរបាយការណ៍ប្រឹក្សាអំពីសកម្មភាពនានាពាក់ព័ន្ធនឹងជនរងគ្រោះនៅអំឡុងពេលអនុវត្តការងារសេសសល់ក្រោយតុលាការរបស់ អ.វ.ត.ក.»។ កម្មវិធីនេះត្រូវបានរៀបចំឡើងចំនួនបីថ្ងៃ គឺនៅថ្ងៃទី៣ ទី៤ និងទី៥ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ ក្នុងក្រុងភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង