ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថាន​តំណាង​កម្ពុជា​នៅ​ក្រៅប្រទេស​ ធ្វើ​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​៥៥​នាក់​ដែលចាញ់បោកមេខ្យល់

60


​ភ្នំពេញ​៖ លោកកេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៧ខែកញ្ញា បានថ្លែងថា ​ស្ថាន​តំណាង​កម្ពុជា​នៅ​ក្រៅប្រទេស​ ធ្វើ​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​៥៥​នាក់​។

​អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា ១.​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​ បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ ចិន​ ធ្វើ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ និង​រៀបចំ​មាតុភូមិនិវត្តន៍​ស្ត្រី​ខ្មែរ​ចំនួន​២​នាក់​ មក​ពី​ខេត្តកំពង់ចាម​ និង​ត្បូងឃ្មុំ​ ដែល​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​នាំ​ទៅ​រៀប​ការ​ដោយ​ខុសច្បាប់​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ក្នុង​ប្រទេស​ចិន​។​ ស្ត្រី​ទាំង​ពីរ​នាក់​ បាន​ត្រលប់​មក​ដល់​កម្ពុជា​វិញ​ នៅ​រសៀល​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ។​

២.​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ា​ឡេ​ស៊ី​ រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន​២២​នាក់​ មក​ពី​ខេត្តកំពង់ចាម​ កំពង់ធំ​ តាកែវ​ ត្បូងឃ្មុំ​ បាត់ដំបង​ ពោធិ៍សាត់​ ព្រះ​វិហារ​ និង​ខេត្តស្វាយរៀង​ ដែល​បាន​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ហើយ​មាន​បំណង​ត្រលប់​មក​កម្ពុជា​វិញ​។​ ពលករ​-​ពល​ការិនី​ទាំង​២២​នាក់​ បាន​មក​ដល់​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០១៨​។​

៣.​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូ​ជី​មិ​ញ​ បាន​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម​ រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​៣១​នាក់​(​ក្នុង​នោះ​មាន​កុមារ​២៣​នាក់​)​ មក​ពី​ខេត្តស្វាយរៀង​ ដែល​ចូល​ទៅ​ស្នាក់​នៅ​និង​ប្រកប​របរ​លក់​ឆ្នោត​ដោយ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​វៀតណាម​។​ ស្ថាន​អគ្គ​កុងស៊ុល​ បាន​ជូន​ពលរដ្ឋ​ទាំង​៣១​នាក់​នោះ​ មក​ដល់​កម្ពុជា​វិញ​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១៨​ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ ដើម្បី​ប្រគល់​ជូន​អាជ្ញាធរ​កម្ពុជា​ ចាត់ចែង​បញ្ជូន​បន្ត​ទៅ​ស្រុក​កំណើត​ ៕

អត្ថបទដែលជាប់ទាក់ទង