៣៦៤ថ្ងៃទៀត ដល់វេនកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមហើយ
ភ្នំពេញ៖គិតត្រឹមថ្ងៃទី៦ឧសភានេះកម្ពុជានៅសល់រយៈពេល៣៦៤ថ្ងៃសម្រាប់ការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ដែលកម្ពុជានឹងរៀបចំពិធីបើកការប្រកួតនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។
ពីម្សិលម៉ិញគឺថ្ងៃទី៥ឧសភាគឺនៅសល់៣៦៥ថ្ងៃដែលជាពេលវេលានៅសល់មួយឆ្នាំគត់។ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអា
គ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានប្តេជ្ញាចិត្តរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលសល់ពេលត្រឹមតែ ១ឆ្នាំនេះ ឲ្យទទួលបានជោគជ័យ ប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ។
ឯកឧត្តមអគ្គលេខាធិការវ៉ាត់ ចំរើនមានប្រសាសន៍ថាក្នុងនាមអគ្គលេខាធិការដ្ឋាននៃ
គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម និងការអនុវត្ត តាមដាន ត្រួតពិនិត្យការងារជាប្រចាំក្រោមភាពជាអ្នកដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ។
ខណៈដែលវេលាដែលបានខិតជិតមកដល់យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តខិតខំក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានកិត្តិយសនិងសេចក្ដីថ្លៃថ្នូរ ហើយទទួលបានជោគជ័យក្នុងការស្វែងរកឧត្តមភាពកីឡានូវលើការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយគ្រោងដាក់កីឡាចន្លោះពី ៣៥ ទៅ ៤០ប្រភេទក្នុងកម្មវិធីប្រកួត។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គ្រោងនឹងធ្វើចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដដែល៕