ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតរំលែកទុក្ខ គោរពជូនលោកជំទាវ លាង វួចឆេង ហ៊ុន ណេង និងក្រុមគ្រួសារ

281

ភ្នំពេញ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្ន មានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានទទួលដំណឹងថា ឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥ នាទី ក្នុងជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងក្ដីវិយោគដ៏សែនសោកសង្រេងខ្សឹកខ្សួលរំជួលចិត្តឥតឧបមានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពចូលរួមរំលែកទុក្ខ ប្រកបដោយក្តីក្តុកក្តួលជាទីបំផុតជូនចំពោះ លោកជំទាវ និងក្រុមគ្រួសារ ជាទីគោរពដ៏ជ្រាលជ្រៅ ក្នុងក្តីសោកស្ដាយសង្វេគ ស្រណោះអាឡោះអាល័យយ៉ាងក្រៃលែង ចំពោះការបាត់បង់ ឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង ដែលត្រូវជាស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា និងជាការបាត់បង់នូវញាតិមិត្តដ៏ឧត្តុង្គឧត្តមបំផុតនៃក្រុមគ្រួសារ។

ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង គឺជាមន្ត្រីរៀមច្បង និងជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម ដែលស្ទើរពេញមួយជីវិតបាន លះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី នពលិកម្មយ៉ាងស្មោះស្ម័គ្រចំពោះ៖ “ជាតិ សាសនា ព្រះមហាក្សត្រ” រួមចំណែក យ៉ាងធំធេងក្នុងការបង្កើតសមិទ្ធផល និងស្នាដៃជាច្រើន ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារសង្គម កិច្ចការ មនុស្សធម៌ និងការអភិវឌ្ឍមូលដ្ឋាន គួរជាទីគោរពស្រឡាញ់ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមក ជាពិសេសក្នុងអាណត្តិដឹកនាំរបស់ ឯកឧត្តម ជាអភិបាលខេត្តកំពង់ចាម អភិបាលខេត្តស្វាយរៀង តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពចូលរួមរំលែកទុក្ខដោយសេចក្តីសង្ខេតជាទីបំផុត និងសូមវន្ទាឧទ្ទិសបួងសួងដល់ដួង វិញ្ញាណក្ខន្ធរបស់ ឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង