ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសៀវភៅស ក្បាលទី២ និងក្បាលទី៣ របស់សមាគមសហគ្រិនស្ត្រីកម្ពុជា

160

 

ក្រោមជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការ Pact Cambodia និងក្រោមគម្រោងសហគ្រិននារីសកម្ម បានសហការ គាំទ្រ សៀវភៅ ស ក្បាលទី២ ដែលមានចំណងជើងថា ៖”ការលើកកម្ពស់ ការចូលទៅកាន់ទីផ្សារ ,ការអភិវឌ្ឍផលិតផលនិងសេវាកម្មប្រកប ដោយគុណភាពសម្រាប់សហគ្រិនស្ត្រីក្នុងប្រទេសកម្ពុជា”និងមជ្ឈមណ្ឌលសម្រាប់សហគ្រាសឯកជនអន្តរជាតិ (CIPE) បានគាំទ្រសៀវភៅ សក្បាល ទី៣ ដែលមានចំណងជើងថា៖”ការពង្រឹងភាពធន់នៃធុរកិច្ចសហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSMEs) សម្រាប់សហគ្រិនស្ត្រីនៅកម្ពុជា ,ការបង្កើត បរិយាកាស ធុរកិច្ច អំណោយផល ការជម្នះ និងការគ្រប់គ្រងហានិភ័យ “ បានត្រូវបោះពុម្ពរួចរាល់មក សៀវភៅ ស ទាំងពីរក្បាលនេះ ត្រូវបានប្រារព្វពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួង ។ សមាសភាព ចូលរួមពីស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូនាឱកាសនោះ រួមមាន ៖-លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួង ពាណិជ្ចកម្ម -លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី -លោក ជំទាវ អេង លីគង់ ប្រធានបណ្ដាញសាខានិងស្ត្រីកម្ពុជា− អ្នកស្រី សាប៊ីន យ៉ៅគ្គឺស, នាយកប្រចាំប្រទេសនៃអង្គការPact Cambodia − អ្នកស្រី ចេននីហ្វឺ អែនឌ័រសាន់, មន្ត្រីកម្មវិធីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្រាប់សហគ្រាសឯកជនអន្តរជាតិ-លោក សុខ ណារិន ប្រធានតំណាងប្រចាំកម្ពុជា នៃអង្គការ UNIDO ព្រមទាំងសហការីជាច្រើនរូបទៀត ដែល បានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ។

តាមប្រសាសន៍របស់លោកជំទាវឧកញ៉ា មហា ឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កែវ មុំ ប្រធានសមាគមស្ត្រីកម្ពុជា បានបញ្ជាក់ថា ៖ការកសាង “សៀវភៅ “ស” ទាំង២នេះ គឺពិតជាមាសសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាគឺជាឯកសារមួយដ៏សំខាន់សម្រាប់សមាគមសហគ្រិនស្រ្តីកម្ពុជា, អង្គការ, ស្ថាប័នរដ្ឋ និងឯកជន, ដៃគូអភិវឌ្ឍន៍, ស្ថាប័នឬអ្នកស្រាវជ្រាវជាដើម ដើម្បីប្រើប្រាស់ជាឯកសារក្នុងការធ្វើគោលនយោបាយ ឬការកសាងសមត្ថភាព ឬស្វែងរកការគាំទ្រមតិ ក្នុងន័យការពារផលប្រយោជន៍ របស់ស្ត្រីនិយាយដោយឡែក និងដើម្បីគាំទ្រដល់ កំណើនសេដ្ឋកិច្ច ពង្រីកអេកូសហគ្រិនភាព និងស្ថិរភាពសង្គមនិយាយជារួម ដែលការងារទាំងអស់នេះគឺស្របទៅតាម ទស្សនវិស័យ និងបេសកកម្មរបស់យើង។

ក្នុងនោះ តាមរយៈបទបង្ហាញរបស់លោកជំទាវ ម៉ម ដាត្ថាលីណែត អនុប្រធានទទួលបន្ទុក កិច្ចការផ្ទៃក្នុងនៃសមា គម សហគ្រិនស្ត្រីកម្ពុជា ស្តីពី ខ្លឹមសារនៃសៀវភៅ សក្បាលទី២ និងទី៣ ក៏បានបញ្ជាក់ផងដែរថា ៖ដើម្បីផលិតបានជា សៀវភៅស នេះឡើង យើងបានឆ្លងកាត់នូវការសិក្សាស្រាវជ្រាវ ប្រមែប្រមូល និងចងក្រងនូវរាល់បញ្ហាប្រឈម និងសំណើដំណោះស្រាយនានារបស់សហគ្រិនស្រ្តីនៅកម្ពុជាយើងតាមរយៈការធ្វើវេទិកាសាធារណៈនៅតាមខេត្តគោលដៅប្រមាណជា១១, ការស្ទង់មតិ, ការប្រជុំក្រុមគោលដៅ, ការបោះឆ្នោតជ្រើសរើស បញ្ហាអាទិភាព, ការកសាងសេចក្តីព្រាង, ការសិក្សា និងប្រមូលព័ត៌មាន និងឆ្លងកាត់សិក្ខាសាលា និង ការពិគ្រោះយល់ និងការត្រួតពិនិត្យ ពីអ្នកជំនាញជាតិ និងអន្តរជាតិនានា ។
តាមរយៈការចងក្រងនូវសៀវភៅសទាំងពីរក្បាលនេះ យើងបានកំណត់បញ្ហាប្រឈមជាអាទិភាពចំនួន៣ សម្រាប់សៀវភៅសក្បាលទី២ គឺ៖ទី១-លទ្ធភាពទទួលបានទីផ្សារ និងការផ្សព្វផ្សាយផលិតផលក្នុងស្រុកនៅមានកម្រិត ទី២-កង្វះទុនក្នុងការពង្រីក និងបង្កើតអាជីវកម្ម ទី៣-ខ្វះ ជំនាញឌីជីថល និងចំណេះដឹង ព័ត៌មាន វិទ្យា ។ ចំណែកសៀវភៅសក្បាលទី៣ ក៏បានកំណត់បញ្ហាប្រឈមអាទិភាពចំនួន៣ ផងដែរ គឺ ទី១-បុគ្គលិក ខ្វះជំនាញនិងប្រាក់ឈ្នួលខ្ពស់ ទី២-ការលំបាកទទួលបានប្រាក់កម្ចីពីធនាគារសម្រាប់អាជីវកម្មខ្នាតមីក្រូ ទី៣-ផលប៉ះពាល់នៃមេរោគឆ្លងកូវីដ-១៩ មកលើអាជីវកម្ម ។

ជាមួយគ្នានេះ បទបង្ហាញក៏បានលើកឡើងពីសំណើរ និងអនុសាសន៍គោលនយោបសយសម្រាប់រដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុនិងដល់ដៃគូអភិវឌ្ឍមានដូចជា ៖-បង្កើត ឲ្យមានមជ្ឈមណ្ឌលសេវាកម្មអាជីវកម្ម ខ្នាត MSMEs-បង្កើតយុទ្ធនាការផ្សព្វផ្សាយ ផលិតផល ក្នុងស្រុក -បង្កើតច្បាប់ Franchise និងe-Franchise ដើម្បី ផ្តល់ឱកាសដល់អាជីវកម្មស្ត្រី -ពង្រឹង ភាពធន់ខ្នាត MSMEs របស់ ស្ត្រី ដេីម្បីរក្សាប្រតិបត្តិការ និងការងារ -បង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុទូទៅរបស់សហគ្រិនស្ត្រី -និងពិនិត្យនិងគាំទ្រគម្រោងការសន្សំ សហករណ៍ ដែលអាចផ្តល់ប្រាក់កម្ចីមិនមានទ្រព្យបញ្ចាំជាដើម ។

មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម និងថ្លែងអំណរគុណដល់អង្គការជាដៃគូដែលបានសហការគាំទ្រ លេចចេញនូវសៀវភៅស ក្បាលទី២ និងក្បាលទី៣ នេះឡើង បន្ទាប់ពីសៀវភៅ ស ក្បាលទី១ ដែលមាន ចំណងជើងថា៖”ការលើកកម្ពស់ការទទួលបានការអប់រំ និងព័ត៌មានសម្រាប់សហគ្រិនស្ត្រី នៅកម្ពុជា”ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ។

ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានចាត់ទុកសៀវភៅសនេះ មានសារៈសំខាន់ ពីព្រោះបានសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ ហើយកំណត់បាន នូវបញ្ហាជាអាទិភាព និងដាក់ចេញសំណើរជាគោល នយោបាយសម្រាប់ពិចារណា ។
បន្ទាប់ពីនេះ យើងទាំងអស់គ្នារួមមានស្ថាប័នពាក់ព័ន្ធ ស្ថាប័ន ហិរញ្ញវត្ថុ ក៏ដូចជាដៃគូអភិវឌ្ឍ យកសៀវភៅនេះមកសិក្សាស្រាវជ្រាវ តាមមុខសញ្ញា ហើយឯកឧត្តម បានកំណត់រយៈពេលពីរខែទៀត ដើម្បីជួបជុំគ្នាពិភាក្សារក ដំណោះស្រាយជាក់ស្តែង ។

សូមបញ្ជាក់ថា៖នាឱកាសនោះ ក៏មានការធ្វើបទបង្ហាញពីមន្ត្រីជំនាញរបស់ក្រសួង ជូនអង្គពិធីស្វែងយល់ ទាក់ទងនឹងអត្ថប្រយោជន៍ នៃការចុះបញ្ជីតាមប្រព័ន្ធអនឡាញ និងបទបង្ហាញពីគោលការណ៍ទូទៅអំពីសុវត្ថភាពចំណីអាហារផងដែរ ។

អត្ថបទដែលជាប់ទាក់ទង