អនុស្ថានីយខ្សែបណ្តាញបញ្ចូនអគ្គិសនី ២៣០គីឡូវ៉ុល ឆ្លងដៃសមុទ្រក្នុងខេត្តកោះកុង ដោយប្រើបង្គោលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការហើយ
កោះកុង៖ អនុស្ថានីយខ្សែបណ្តាញបញ្ចូនអគ្គិសនី ២៣០គីឡូវ៉ុល ឆ្លងដៃសមុទ្រក្នុងខេត្តកោះកុង ដោយប្រើបង្គោលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការហើយ បន្ទាប់ពីបញ្ចប់គម្រោងសាងសង់រួចរាល់នៅដើមខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។
អនុស្ថានីយ និងខ្សែបណ្តាញចែកចាយថ្មីស្រឡាងដ៏ធំមួយនឹងផ្តល់អនុភាពអគ្គិសនីដល់ខេត្តកោះកុង កំពង់ចាម និងខេត្តក្រចេះ ក្នុងក្របខណ្ឌគម្រោងរបស់សហប្រតិបត្តិការជាមួយទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍និងស្ថានទូតបារាំងនៅកម្ពុជា។ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននឹងកំពុងជំរុញការអភិវឌ្ឍយ៉ាងពេញទំហឹង គ្រប់វិស័យនូវហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនី តាមរយៈយកចិត្តទុកដាក់ស្ថាបនាខ្សែបណ្តាញបញ្ចូនអគ្គិសនីធំៗ អនុស្ថានីយតភ្ជាប់គ្នា និងសាងសង់ប្រភពអគ្គិសនីបន្ថែមជាបន្តបន្ទាប់។
ឯកឧត្តម រដ្ឋមន្រ្តីរ៉ែ និងថាមពល បន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី ធ្វើឡើងដើម្បីផ្តល់ប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់ ទាន់តាមកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម ឧស្សហកម្ម និងឆ្លើយតបនឹងសេចក្តីត្រូវការប្រើប្រាស់ បូករួមជំរុញការសាងសង់ខ្សែបណ្តញបញ្ជូនទៅតាមបណ្តាខេត្តនានាបម្រើដល់ការអភិវឌ្ឍផ្គត់ផ្គង់ឱ្យអ្នកប្រើប្រាស់អគ្គិសនីទូទាំងប្រទេសកម្ពុជា។
ឯកឧត្តម ស៊ុយ សែម បានចាត់ទុកថា គម្រោងសង់ខ្សែបញ្ជូន ២៣០គីឡូវ៉ុលគឺឆ្លងកាត់ដៃសមុទ្រក្នុងខេត្តកោះកុង ដោយប្រើបង្គោលប្រភេទខ្ពស់ៗចំនួន៤បង្គោល ដោយមានបង្គោល៣ដើមមានកម្ពស់រហូតដល់ទៅ ១៦៨ម៉ែត្រដែលចាត់ទុកថាជាបង្គោលអគ្គិសនីខ្ពស់ជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ន។
លោក Jacque Pellet ឯកអគ្គរាជទូតបារាំងប្រចាំនៅកម្ពុជា លើកឡើងថា គម្រោងខ្សែបញ្ចូន និងចែកចាយអគ្គិសនីអនុស្ថានីយក្រុងខេមរភូមិន្ទ អនុវត្តក្នុងគោលបំណងដើម្បីឱ្យកាន់តែប្រសើរឡើងនូវថាមពលដែលអាចជឿទុកចិត្តបាននៅក្នុងខេត្តចំនួន៣ខាងលើ។
លោកឯកអគ្គរាជទូតបារាំង ជាពិសេសការទំនាក់ទំនងដ៏ល្អរយៈពេលវែងដែលសហការជាមួយក្រសួងរ៉ែ និងថាមពល AFD និងអគ្គិសនីកម្ពុជា ក្នុងន័យលើកកម្ពស់លទ្ធភាពទទួលបានអគ្គិសនីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ដូច្នេះលោកជឿជាក់ថា អនុស្ថានីយអគ្គិសនីក្រុងខេមរភូមិន្ទ ជាដំណើរឆ្ពោះទៅមុខដ៏រឹងមាំ និងគួរឱ្យទុកចិត្តដល់ការងារអភិវឌ្ឍន៍ថាមពលឆ្នាំ២០២១ ដល់ឆ្នាំ២០៤០។
សម្រាប់លោក Yazid Bensaid នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ឱ្យដឹងថា AFD គាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងរ៉ែ និងថាមពលក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនលើអត្រាអគ្គិសនីនៅទូទាំងប្រទេស។
លោក ក៏ថ្លែងអំណអរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា ដែលបានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងយ៉ាងមុតមំាក្នុងការអភិវឌ្ឍន៍ ព្រមទាំងពង្រឹងបណ្តាញជាតិ ដើម្បីធានាឱ្យមានចរន្តអគ្គិសនីប្រើប្រាស់បានល្អ ៩៧ភាគរយ ត្រឹមចុងឆ្នាំ២០២១ សម្រាប់ពលរដ្ឋកម្ពុជាទាំងអស់៕