ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលា ស្តីពីតួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់ អំពើហឹង្សាលើស្រ្តី និងកុមារតាមរយៈវីដេអូខ្លី ត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

32

 

ភ្នំពេញ៖ ក្នុងគោលបំណងឆ្លើយតបនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលាស្តីពីតួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់ អំពើហឹង្សាលើស្រ្តី និងកុមារតាមរយៈ វីដេអូខ្លី ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី និងមានការចូលរួមពីភាគីដែលពាក់ព័ន្ធរួមមាន៖ តំណាងអង្គភាពប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ តំណាង ក្រសួងកិច្ចការនារី តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមប្រឹក្សាវិន័យ មន្ទីរវប្បធម៌ រាជធានី-ខេត្ត ផលិតកម្មជាតិ និងសិល្បករ សិល្បការិនីក្រៅប្រព័ន្ធដែលមានចំនួនសរុបជាង៨០រូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

យោងតាមរបាយការណ៍របស់លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការវាយតម្លៃខ្ពស់លទ្ធផលដែលក្រុមការងារទទួលបាន នាពេលកន្លងមក និងបានលើកទឹកចិត្តក្រុមការងារជាបន្តក្នុងការរៀបចំផែនការណ៍សកម្មភាពយេនឌ័រក្នុងវិស័យវប្បធម៌ និងសិល្បៈ ដើម្បីរួមចំណែកជាមួយដៃគូពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

នាឱកាសនោះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានលើកឡើងថាកន្លងមកសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធត្រូវសហការត្រួតពិនិត្យតាមដានជាប្រចាំនូវខ្លឹមសារ រូបភាព និងការសម្តែងតាមកម្មវិធីនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរូបភាព និងការសម្តែងផ្ទាល់ ត្រូវមានវិធានការនិងសារក្នុងគោលដៅអប់រំ និងថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមទាំងរក្សាបាននូវតម្លៃនៃអក្សរសាស្រ្តជាតិ។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានបន្តទៀតថា បច្ចុប្បន្នវិស័យភាពយន្តនៅកម្ពុជាមានការរីកលូតលាស់ច្រើនគួរជាទីមោទនៈ ក្នុងនោះការផលិតវីដេអូកម្សាន្តនៅលើបណ្តាញសង្គមនានា ជាលក្ខណៈបុគ្គលឬក្រុមក៏មានច្រើនគួរឲ្យកត់សម្គាល់។ ស្របពេលជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានមើលឃើញពីការខិតខំប្រឹងប្រែងរបស់ផលិតករ អ្នកនិពន្ធ ម្ចាស់ផលិតកម្ម និងអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញសង្គមជាច្រើនដែលបានផលិតជាភាពយន្តឬវីដេអូវែងឬខ្លី ដែលមានការបញ្ចូលខ្លឹមសារអប់រំស្តីពីតម្លៃស្រ្តី និងការទប់ស្កាត់អំពើហឹង្សាលើកុមារជាដើមគឺនៅមានចំនួនតិចតួចនៅឡើយ។ ម្យ៉ាងទៀតភាពយន្ឬវីដេអូមួយចំនួនបានបង្កើតឲ្យមានវប្បធម៌ហឹង្សា ការសងសឹក ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហឹង្សាក្នុងទម្រង់ធ្ងន់ធ្ងរ ដែលជាវប្បធម៌មួយមិនល្អ នាំឲ្យក្មេងៗជំនាន់ក្រោយបែរជាយកមកចម្លង និងអនុវត្តតាម។ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំក្រសួង លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានស្នើសុំដល់គ្រប់ភាគីដែលពាក់ព័ន្ធក្នុងវិស័យនេះ ត្រូវខិតខំបន្ថែមទៀតក្នុងការបញ្ចូលខ្លឹមសារអប់រំ នៅក្នុងបណ្តាភាពយន្ត ចម្រៀង និងជាពិសេសបុគ្គលឬក្រុមដែល ផលិតមាតិកាកម្សាន្តលើបណ្តាញសង្គម សូមប្រកាន់ខ្ជាប់នូវវប្បធម៌អហឹង្សា និងលើកកម្ពស់ការរស់នៅប្រកបដោយ ភាពស៊ីវីល័យឲ្យសាកសមជាប្រទេស មានសុខសន្តិភាពនិងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង