ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ប្រកាសផ្ដល់កិច្ចសហការជួយប្រមូលសំរាមនៅទន្លេតាមបណ្ដារាជធានី-ខេត្ត

85

ភ្នំពេញ៖ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត អង្គការ River Ocean Cleanup និងសហគ្រាសសង្គម everwave បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «យុទ្ធនាការសម្អាតទន្លេដោយប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ CollectiX» ក្រោមអធិបតីភាពឯកឧត្ដម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលមានអ្នកចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅទីតាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Zoom) ប្រមាណ១២០នាក់។

លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា យុទ្ធនាការសម្អាតទន្លេនេះគ្រោងនឹងពង្រីកវិសាលភាពទៅទូទាំងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាបំពុលដោយសំរាមនៅក្នុងទឹក។

ក្នុងន័យនេះ ក្រុមការងារស្នើសុំកិច្ចសហការពីអាជ្ញាធរមូលដ្ឋាននៅតាមបណ្តាខេត្តទាំងអស់ ដើម្បីជ្រើសរើសទីតាំង និងផ្តល់កិច្ចសហការដើម្បីការអនុវត្តយុទ្ធនាការនេះសម្រេចបានប្រកបដោយភាពជោគជ័យ។

លោក ហ៊ួត រិទ្ធី បានអោយដឹងថា មកទល់ពេលនេះ យុទ្ធនាការនេះត្រូវបានអនុវត្តតាមរយៈការផ្សព្វផ្សាយការយល់ដឹង និងសកម្មភាពសម្អាត ដែលភាគច្រើនត្រូវបានអនុវត្តនៅលើគោល ដូចនេះហើយយុទ្ធនាការសម្អាតទន្លេនេះ ជាការបំពេញបន្ថែមក្នុងការជំរុញឱ្យកម្ពុជាកាន់តែមានភាពស្អាត និងបៃតង ជាពិសេសសម្រាប់ការទទួលស្វាគមន៍ការប្រកួតកីឡា SEAGAMES ២០២៣ ខាងមុខនេះ។
ដើម្បីសម្រេចបានគោលដៅនេះ ត្រូវការការចូលួមពីស្ថាប័នរដ្ឋ ស្ថាប័នឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋផ្ទាល់។

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការ River Ocean Cleanup និងកញ្ញា ចាកឃ្លីន ផាស្តឺរ (Jacqueline Paster) អ្នកគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន everwave បានធ្វើបទបង្ហាញស្តីពីយុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់នៅរាជធានីភ្នំពេញ ដោយប្រើទូកប្រមូលសំរាមបំពាក់បច្ចេកវិជ្ជាថ្មីរបស់អាល្លឺម៉ង់ CollectiX ក្រោមកិច្ចសហការពី គ.ជ.វ.ទ. និងរដ្ឋបាលរាជធានីភ្នំពេញបានកំពុងអនុវត្តនូវសកម្មភាព ដូចជា ១.ប្រើប្រាស់ទូកដើម្បីប្រមូលសំរាម ២.ការសម្អាតនៅលើដី ៣.ការបង្កើតមជ្ឈមណ្ឌលគ្មានសំណល់ដែលជាទីតាំងបែងចែក និងរៀបចំសំរាម ៤.ការបង្កើនការយល់ដឹង ៥.ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំរាម និង៦.ការរឹតបន្តឹងការអនុវត្តច្បាប់។

គួរជម្រាបថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត អង្គការ River Ocean Cleanup និងសហគ្រាសសង្គម everwave ក៏បានឯកភាពគ្នាចុះអនុស្សរណៈយោគយល់គ្នាស្តីពីបេសកកម្មសម្អាតទន្លេជាប្រវត្តិសាស្ត្រ សំដៅលើកកម្ពស់ទីក្រុងស្អាត និងវិស័យទេសចរណ៍ ក្នុងគោលបំណងជំរុញធ្វើឱ្យទីក្រុងស្អាត ទន្លេគ្មានសំរាម សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើម្បីចូលរួមធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង តាមរយៈការសម្អាតសំរាមចេញពីទឹកទន្លេ និងសមុទ្រ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីរបស់ប្រទេសអាល្លឺម៉ង់ ការលើកកម្ពស់ចំណេះដឹងស្តីពីសារៈសំខាន់នៃវិស័យទេសចរណ៍ និងបរិស្ថានស្អាត ផ្តល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់តាមផ្ទះ ជាពិសេសក្នុងភូមិសាស្រ្តតាមខេត្តគោលដៅទេសចរណ៍ដែលមានភូមិសាស្រ្តជាប់ទន្លេ និងសមុទ្រ៕

អត្ថបទដែលជាប់ទាក់ទង