សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយអតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក
អាមេរិក ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក។
នៅក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ឯកឧត្តម Donald M. Benton ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្ដេចពិតជារីករាយដែលបានជួបឯកឧត្តមសាជាថ្មីម្ដងទៀត ក្រោយពីបានជួបគ្នានៅទីក្រុងភ្នំពេញកាលពីពេលកន្លងទៅនេះ។
ឯកឧត្តម Donald M. Benton បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យរូបលោកបានចូលជួបសំដែងការគួរសម និងផ្លាស់ប្ដូរយោបល់គ្នាពេលនេះ។ ឯកឧត្តមបានផ្តាំផ្ញើសួរសុខទុក្ខ ដល់ឯកឧត្តម ហ៊ុន ម៉ាណែត ផងដែរ ដែលកន្លងមកគាត់ក៏បានជួបនឹងធ្វើការជាមួយឯកឧត្តមហ៊ុនម៉ាណែតផងដែរ ។
សម្ដេចតេជោ បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងការងារ នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាននេះ គឺយើងចង់ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន និងអាមេរិក ហើយឆ្នាំនេះគឺជាខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ដូច្នេះកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាមេរិក គឺពិតជាមានសារៈសំខាន់ណាស់ សេះតាមរយៈជំនួបនៅរដ្ឋធានីវ៉ាស៊ីនតោននេះ គឺជាការពង្រឹង ពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាមេរិកឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ ជាពិសេសក្នុងការដំឡើងកម្រិត ពីដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្រិតខ្ពស់ជាងហ្នឹងទៅទៀត ។
នៅក្នុងជំនួបនេះសម្ដេចតេជោក៏បានមានប្រសាសន៍អំពីទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលឆ្នាំនេះគឺជាខួប ៧២ឆ្នាំហើយ នៃកិច្ចសហប្រតិបត្តិការកម្ពុជា និងអាមេរិក ទំនាក់ទំនងបានចាប់ផ្ដើមឡើងនៅឆ្នាំ១៩៥០ ។ តាមរយៈទំនាក់ទំនងដែលមានរយៈពេល ៧២ឆ្នាំនេះ គឺយើងឈានដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមករវាងប្រទេសទាំងពីរ។ កម្ពុជា ពិតជាចង់ធ្វើមិត្តរបស់អាមេរិក ហើយកម្ពុជាមិនអាចរើសរវាងអាមេរិក ឬចិននោះទេ។ កម្ពុជា មាននយោបាយអព្យាក្រឹត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ដូច្នេះកម្ពុជាចង់ធ្វើមិត្តគ្រប់បណ្តាប្រទេសទាំងអស់រួមទាំងអាមេរិកផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈទំនាក់ទំនងល្អប្រសើរនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអាមេរិក ក៏កំពុងមានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាអាស៊ាន-អាមេរិកវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីតួនាទីដ៏សំខាន់រវាងអាស៊ាន និងអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាាន៍ថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនាពេលនេះ គឺជាឱកាសដ៏កម្រសម្រាប់អាស៊ាន-អាមេរិក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន-អាមេរិក។
សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបអតីតសមាជិកសភាអាមេរិកដែរថា សម្តេចចង់ឃើញទំនាក់ទំនងរវាងអាស៊ាន និងអាមេរិក ឈានពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតកំពូលមួយ។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពលោក Douglas John Ericksen សមាជិកសភាអាមេរិកមួយរូប ដែលបានធ្វើមរណកាល កាលពីពេលថ្មីៗកន្លងទៅនេះ។ លោក ដូណាល់ បេនតុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ការអនុញ្ញាតឱ្យរូបលោក ជួបពិភាក្សាការងារ និងបានគូសបញ្ជាក់ពីគោលបំណងនៃដំណើរបំពេញទស្សនកិច្ចនៅរដ្ឋវ៉ាស៊ីនតោននាពេលនេះ៕