ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអ៊ុយក្រែន បើកកិច្ចសន្ទនាជាមួយអធិការបតីអាល្លឺម៉ង់ ដើម្បីពិភាក្សាគ្នាពីការផ្ដល់ជំនួយយោធា, កិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងការបង្កើន ការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី

55

 

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថាលោកបានបើកកិច្ចសន្ទនាជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) ដើម្បីពិភាក្សាគ្នាពីការផ្ដល់ជំនួយយោធា, កិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងការបង្កើន ការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «យើងពិតជាពេញចិត្តចំពោះ កិច្ចសន្ទនាកម្រិតខ្ពស់ជាមួយអាល្លឺម៉ង់ និងការគាំទ្រដល់ការតស៊ូរបស់ពួកយើង»

បើតាមអ្នកនាំពាក្យរដ្ឋាភិបាលអាលឺ្លម៉ង់ នៅក្នុងកិច្ចសន្ទនាពីចម្ងាយជាមួយលោក ហ្សេលេនស្គី, លោក អូឡាហ្វ សូលស៍ បានសង្កត់ធ្ងន់ពី ការអំពាវនាវឱ្យរុស្ស៉ី បញ្ឈប់សង្រ្គាមនៅអ៊ុយក្រែនជាបន្ទាន់ ដោយដកកងទ័ព និងស្ដារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន ឡើងវិញ។

អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះទេ ដោយគ្រាន់តែឱ្យដឹងថាលោកអធិការបតីអាល្លឺម៉ង់ និងលោក ហ្សេលេនស្គី ក៏បានផ្លាស់ប្ដូរយោបល់ផងដែរពីមធ្យោបាយបន្តការគាំទ្រដល់អ៊ុយក្រែន និងបានឯកភាពគ្នាក្នុងការបន្តការទាក់ទងគ្នាយ៉ាងជិតស្និទ្ធ៕

អត្ថបទដែលជាប់ទាក់ទង