ត្រឹម៤ខែដើមឆ្នាំនេះ ប្រាក់ចំណូលពន្ធដារ សម្រេចបានរហូតដល់ ៥៣% នៃច្បាប់ថវិកាឆ្នាំ២០២២ ទឹកប្រាក់២ពាន់លានដុល្លារ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀតបានថ្លែងពីការពេញចិត្ត ចំពោះចំណូលថវិកាជាតិ ប្រមូលបានដោយអគ្គនាយកដ្ឋានពន្ធដារ សម្រេចលទ្ធផលល្អប្រសើរ ដោយរយៈពេល៤ខែឆ្នាំ២០២២នេះ ប្រមូលចំណូលបាន៥៣ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ថវិកា។
ការថ្លែងបង្ហាញការពេញចិត្ត របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជា២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថវិកាជាតិសម្រាប់៤ខែនេះ ខ្ញុំមិនទាន់និយាយពីគយ និងចំណូលមិនមែនសារពើពន្ធទេ ខ្ញុំនិយាយតែពីពន្ធដារមួយគត់ ៤ខែយើងសម្រេចបានរហូតដល់៥៣ភាគរយ [នៃច្បាប់ថវិកាឆ្នាំ២០២២] បានសេចក្តីថា យើងរកបានជាង២ពាន់លានដុល្លារ។ ប្រទេសតូចមួយ ផ្នែកពន្ធដារផ្ទៃក្នុងរកបាន២ពាន់លានដុល្លារមិនមែនជាងរឿងតូចទេ ដោយសារចរន្តសេដ្ឋកិច្ចដើរឡើងវិញ អ្នកបង់ពន្ធត្រូវតែបង់ច្រើន។ ពន្ធគយក៏មានកំណើន ដោយសារតែមានតម្រូវការក្នុងស្រុក។ ឆ្នាំនេះយើងគិតថាថវិការបស់យើងមិនពិបាកពេកទេ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវការថវិកា សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ដោយ១ខែៗត្រូវចំណាយប្រមាណ៤០លានដុល្លារ សម្រាប់ប្រជាពលរដ្ឋ៧០ម៉ឺនគ្រួសារ ដែលមានប្រជាជនជិត ៣លាននាក់។
សម្តេចតេជោបានថ្លែងទៀតថា អត្រានៃភាពក្រីក្ររបស់កម្ពុជា បើវាស់តាមស្តង់ដារបស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០១៩ ប្រជាជនកម្ពុជា ដែលស្ថិតក្រោមបន្ទាត់ក្រីក្រមានចំនួនតែ៨ភាគរយប៉ុណ្ណោះ ដូច្នេះទាមទារឲ្យរាជរដ្ឋាភិបាល ត្រូវការជួយឧបត្ថម្ភដល់ពួកគាត់ ក្នុងពេលមានវិបត្តិកូវីដ១៩។
សម្តេចតេជោបានបញ្ជាក់ទៀតថា សេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២២នេះ ត្រូវបានរំពឹងថានឹងមានកំណើន ៥.៣ភាគយ ដោយសារតែវិបត្តិថ្មីដែលកើតឡើង គឺសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
សម្តេចតេជោបន្តថា សេដ្ឋកិច្ចសកល ត្រូវបានទម្លាក់អត្រាកំណើនជាបន្តបន្ទាប់ ដែលវាយតម្លៃដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក ដូច្នេះសេដ្ឋកិច្ចរបស់កម្ពុជា ក៏អាចរងផលប៉ះពាល់ដូចគ្នាដែរ។
ជាមួយគ្នានេះ សម្តេចតេជោបានបង្ហាញក្តីរីករាយ ដែលការនាំចេញរបស់កម្ពុជា សម្រេចបាននូវកំណើនល្អប្រសើរ។ ក្នុងនោះ កំណើននាំចេញក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ កើនឡើងប្រមាណ ៣២ភាគរយ៕