ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងទេសាភិបាល ធនាគារកណ្តាល អាស៊ាន+៣ បានឯកភាពលើការ ពង្រឹងសមត្ថភាពរបស់ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)

71

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមធ្វើជាសហប្រធាន ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ក្រសួងហិរញ្ញវត្ថុចិន និងធនាគារកណ្តាលចិន ដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ លើកទី២៥ តាមរយៈប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុក្នុងតំបន់ និងផ្តល់ការណែនាំដល់ក្រុមការងារបច្ចេកទេស សំដៅពង្រឹងបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុតំបន់អាស៊ាន+៣។

អង្គប្រជុំបានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននិងទស្សនវិស័យសម្រាប់សេដ្ឋកិច្ចតំបន់និងពិភពលោក ហានិភ័យនិងបញ្ហាប្រឈមចម្បងៗ ព្រមទាំងការអនុវត្តគោលនយោបាយឆ្លើយតបនានា។ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន+៣ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងតំបន់ ដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។

ក្នុងទិសដៅនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ បានឯកភាពលើការពង្រឹងសមត្ថភាពរបស់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ក្នុងការតាមដាននិងវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក និងគាំទ្រដំណើរការកិច្ចព្រមព្រៀងពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) ដែលជាយន្តការផ្តល់ហិរញ្ញប្បទាន ក្នុងចំណោមប្រទេសជាសមាជិកដែលប្រឈមនឹងហានិភ័យឬជួបវិបត្តិសេដ្ឋកិច្ច ដើម្បីបង្ការនិងដោះស្រាយវិបត្តិ។

បន្ថែមលើនេះ អង្គប្រជុំក៏បានគាំទ្រដល់ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណតំបន់ជារូបិយវត្ថុក្នុងស្រុក ដើម្បីកៀគរការសន្សំ និងការប្រើប្រាស់ប្រភពទុនក្នុងតំបន់ តាមរយៈគំនិតផ្តួចផ្តើមទីផ្សារមូលបត្រអាស៊ី (ABMI)។

អង្គប្រជុំក៏បានបន្តជំរុញដល់ការអភិវឌ្ឍគំនិតផ្តួចផ្តើមថ្មីៗនាពេលអនាគតរបស់អាស៊ាន+៣ រួមមាន ការផ្តល់ហិរញ្ញប្បទានលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំបង្កើតបន្ថែមឧបករណ៍ហិរញ្ញវត្ថុរយៈពេលវែង ការបង្ការគ្រោះមហន្តរាយធម្មជាតិ ការសម្របសម្រួលគោលនយោបាយដើម្បីឆ្ពោះទៅរកវឌ្ឍនភាពបច្ចេកវិទ្យា ការធ្វើឌីជីថលូបនីយកម្មហិរញ្ញវត្ថុ និងការគាំទ្រហិរញ្ញប្បទានបៃតង សំដៅពង្រឹងស្ថិរភាពហិរញ្ញវត្ថុនិងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង