រដ្ឋបាលរាជធានីភ្នំពេញ ចេញសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីក្នុងព្រះរាជពិធីបុណ្យចម្រើន ព្រះជន្ម គម្រប់ព្រះជន្ម ៦៩ ព្រះវស្សា យាងចូល ៧០ ព្រះវស្សា
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ តាងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជារាស្ត្រ ទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទសម្ដែងថ្វាយនូវអំណរសាទរឥតឧបម៉ ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចូលរូមថ្វាយព្រះសព្ទសាធុការពរជ័យ ក្នុងព្រះរាជពិធីបុណ្យចម្រើន ព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៦៩ ព្រះវស្សា យាងចូល ៧០ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
ស្ថិតក្នុងព្រះបរមរាជវរោកាសប្រកបដោយបីតិសោមនស្សរីករាយនេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជា នុញ្ញាតអភិវលំឱនកាយវាចាចិត្ត ប្រកបដោយកតញ្ញូតាធម៌យ៉ាងក្រៃលែង ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាល ព្រះអង្គនៅក្នុងព្រះរាជឋានៈនេះ បានថ្វាយនូវព្រះកាយពល និងព្រះបញ្ញាញាណ បំពេញនូវព្រះរាជសកម្មភាព និងព្រះរាជបេសកកម្មជាច្រើន ក្នុងវិស័យការទូត អប់រំ សង្គមកិច្ច មនុស្សធម៌ សុខាភិបាល វប្បធម៌ និងសាសនា ជាពិសេស បានរួមចំណែកយ៉ាងធំធេងជាមួយនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងព្រះបរមនាមជាព្រះប្រមុខរដ្ឋ និងជាព្រះនិមិត្តរូបន ព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រជាជាតិទាំងមូលបន្តរក្សាបានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬទិ្ធបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងទេវតាឆ្នាំថ្មី ព្រះនាម “កិរិណ៍ទេវី” សូមជួយបីបាច់ថែរក្សា អភិបាលបោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយជូន ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមបានសមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សុខក្សេមក្សាន្តសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍។
សូមព្រះករុណាថ្លៃវិសេសជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទូលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ច ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា៕