អ្នកឧកញ៉ា គិត ម៉េង បើកកិច្ចប្រជុំជាមួយ ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន
អាមេរិក ៖ នាថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ ២០២២ នៅរដ្ឋធានីវ៉ស៊ីនតោន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក ម៉ាក មាលី (Marc Mealy) អនុប្រធានជាន់ខ្ពស់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន។
កិច្ចពិភាក្សាផ្តោតជាសំខាន់ទៅលើការពង្រឹងកិច្ចប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ក្នុងការជំរុញធុរកិច្ចនិងវិនិយោគរវាង អាមេរិក និងកម្ពុជា និងអាស៊ានទាំងមូល។ ក្រៅពីនោះ អ្នកឧកញ៉ា ប្រធាន បានស្នើក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ដែលប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខ ទាំងការរៀបចំកម្មវិធី ការជំរុញក្រុមហ៊ុនអាមេរិកជួយឧបត្ថម្ភកម្មវិធី និង ការជួយអញ្ជើញថ្នាក់ដឹកនាំសហរដ្ឋអាមេរិកចូលរួមថ្លែងសុន្ទរកថា។
លោក ម៉ាក មាលី គាំទ្រចំពោះកិច្ចសហប្រតិបត្តិការជារួមក្នុងការជំរុញធុរកិច្ចនិងវិនិយោគអាមេរិកអាស៊ាន និង អាមេរិកកម្ពុជា។ លោក បានបញ្ជាក់ថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានតែងតែ ចូលរួមយ៉ាងសកម្ម ជួយគាំទ្រដល់កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន។ ឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន រីករាយនឹងសហការគាំទ្រដល់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីឲ្យកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕