អាស៊ាន-អាមេរិក ប្តេជ្ញាដំឡើងកម្រិតទំនាក់ទំនង ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅខែវិច្ឆិកា ឆ្នាំនេះ
ភ្នំពេញ៖ មេដឹកនាំអាស៊ាន-អាមេរិក បានប្តេជ្ញាដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួន ឱ្យទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ក្នុងកិច្ចប្រជុំលើកទី១០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ធ្វើជាសហប្រធានដឹកនាំកចិ្ចប្រជុំ។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ឱ្យដឹងថា៖ នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងកសាងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ឱ្យកាន់តែទូលំទូលាយថែមទៀតដែលមិនអាចខ្វះបានចំពោះអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាសម្រាប់តំបន់ និងសហគមន៍ អន្តរជាតិ។ ទំនាក់ទំនងទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋ អាមេរិក នៅក្នុងឆ្នាំ២០២២នេះ ភាគីទាំងពីរប្តេជ្ញាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន- សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យ មានខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក នៅឯកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។
ក្រសួងការបរទេស បានបន្ថែមថា នៅក្នុងអំឡុងពេលសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលពិសេសនេះ សម្តេចតេជោ និងមេដឹកនាំអាស៊ានដទៃទៀត បានសម្តែងការគាំទ្រដល់ការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ទៅជាភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយបានធ្វើការប្តេជ្ញាចិត្តរួមគ្នា ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីធានាថា កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពទាំងអស់ ដែលបានលើកឡើងនៅក្នុងអំឡុងពេលពីរថ្ងៃនៃកិច្ចពិភាក្សា នឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងទៅវិញទៅមកចំពោះប្រជាជនអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកំណើនវិបុលភាពតំបន់៕