លោក ឡុង ឌីម៉ង់ បំពេញបេសកកម្មទៅកាន់ប្រទេសកូរ៉េខាងត្បូង ជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរជាច្រើនថ្ងៃ ដើម្បីពង្រឹងមូលដ្ឋានបក្ស
កូរ៉េខាងត្បូង៖ លោក ឡុង ឌីម៉ង់ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និងជាអនុប្រធានក្រុមទទួលបន្ទុកប្រទេសកូរ៉េ បានបំពេញបេសកកម្មមកកាន់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី១៤ ខែឧសភានេះ ដើម្បីចុះពង្រឹងមូលដ្ឋានបក្ស និងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅតំបន់ក្វាងជូធំ។
ក្នុងដំណើរបេសកកម្មយ៉ាងមមាញឹក និងសកម្មរបស់លោក ឡុង ឌីម៉ង់ និងក្រុមការងារ អមដំណើរដោយលោក តូយដារិទ្ធ និងលោក ម៉ាង ចំរើន បុគ្គលិក DGB Capital បានចុះពង្រឹងមូលដ្ឋានបក្ស និងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅតំបន់ក្វាងជូធំក្នុងបរិយាកាសយ៉ាងស្និទ្ធស្នាល។
លោក ឡុង ឌីម៉ង់ និងក្រុមការងារបានចូលថ្វាយបង្គុំសួរសុខទុក្ខ ប្រគេនបច្ច័យ និងគ្រឿងទេយ្យទានជាត្រីងៀត និងបង្គាក្រៀម ដល់ព្រះអង្គ ប៊ុត ចំរើន និងទូលព្រះអង្គអំពីគោលបំណងនៃបេសកកម្មរបស់ក្រុមការងារគណបក្សមកប្រទេសកូរ៉េលើកនេះ និងនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំប្រគេនព្រះអង្គ។ បន្ទាប់មក លោកក៏បានជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយលោកគ្រូ 이 주 성 ជានាយកមជ្ឈមណ្ឌលគាំពារជនបរទេសទីក្រុងក្វាងជូនិងក្រុមការងារមជ្ឈមណ្ឌលក្នុងតំបន់ ដែលមានលោកស្រី ណាណា ជាបុគ្គលិកជួយសម្របសម្រួល និងបានជម្រាបអំពីបេសកកម្មការងារគណបក្ស ព្រមទាំងបានជជែកគ្នាអំពីស្ថានភាពនៃការគាំទ្រកាន់តែច្រើនររបស់សហគមន៍ខ្មែរចំពោះគណបក្សប្រជាជន និងបានស្នើសុំលោកគ្រូបន្តជួយពលករខ្មែរបន្តទៀត។
លោក ឡុង ឌីម៉ង់ និងក្រុមការងារថែមទាំងបានជួបសួរសុខទុក្ខអ្នកគ្រូ ប៉ាក មីហាំង (អ្នកគ្រូមី) ប្រធានសមាជិកសមាគមឆុនណាំក្វាងជូ និងបាននាំយកនូវត្រីងៀត បង្គាក្រៀម ហើយលោកក៏បានជួបជជែកពិភាក្សាជាមួយកញ្ញា តូច ពិសីអំពីវឌ្ឍនភាពនៃការងារនិស្សិត និងបានជជែកអំពីបេក្ខភាពប្រធានសមាគមនិស្សិតអាណត្តិថ្មី ដែលគ្រោងនឹងបោះឆ្នោតជ្រើសរើសនាចុងខែមិថុនា ខាងមុខនេះ។
ក្នុងនោះដែរ លោក ឡុង ឌីម៉ង់ ក៏បានចូលរួមពិធីសំណេះសំណាលជាមួយសហគមន៍ខ្មែរ សមាជិកបក្ស និស្សិត ដែលរស់នៅតំបន់ក្វាងជូធំចំនួនប្រមាណជាង ៥០នាក់ នៅភោជនីយដ្ឋានខ្មែរ។ ក្នុងពិធីសំណេះសំណាលនេះ លោកបានបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឯកឧត្តម ហេង សួរ ឯកឧត្តមហុង ជឿន និងបានផ្តាំផ្ញើដល់សមាជិកបក្សទាំងអស់អោយជួយផ្សព្វផ្សាយ និងជំរុញដល់ឳពុកម្តាយ បងប្អូន និងសាច់ញាតិនៅកម្ពុជា អោយទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ នាថ្ងៃទី ០៥ មិថុនា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា។
ក្នុងនោះផងដែរ ក៏មានសមាសភាពក្រុមស្រ្តីជាជនបង្គោលធំៗ និងមានសក្តានុពលក្នុងទីក្រុង ដូចជា អ្នកគ្រូ ប៉ាក មីហាំង ( អ្នកគ្រូមី) អ្នកគ្រូ ណាណា អ្នកគ្រូ ហ្វាង ស៊ូជីន បុគ្គលិក HRD អ្នកគ្រូ រដ្ឋា បញ្ញា មជ្ឈមណ្ឌលគាំពារពលករបរទេសតំបន់ក្វាងជូ អ្នកគ្រូ ចាន់ ដារ៉ា មជ្ឈមណ្ឌលគាំពារស្រ្តី កញ្ញា តូច ពិសី ប្រធានសមាគមនិស្សិតជាដើម។ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយកនូវត្រីងៀត បង្គាក្រៀម និងត្រីប្រាងៀត ជូនដល់ប្រធាន និងអ្នកគ្រូៗជនបង្គោលនៅតំបន់ក្វាងជូធំផងដែរ៕