ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្នើអាមេរិកពិចារណាឡើងវិញ លើការដាក់កំហិតទិដ្ឋាការ ដោយអយុត្តិធម៌ ទាក់ទងនឹងបញ្ហាមាតុភូមិនិវត្តន៍ ពលរដ្ឋខ្មែរ-អាមេរិក

261

 

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានស្នើសហរដ្ឋអាមេរិកពិចារណាឡើងវិញលើការដាក់កំហិតទិដ្ឋាការដោយអយុត្តិធម៌ ទាក់ទងនឹងបញ្ហាមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ-អាមេរិក។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

ការស្នើរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងពេលជួបពិភាក្សាទ្វេភាគីជាមួយ លោក អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក កាលពីនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៉ីនតោន សហរដ្ឋអាមេរិក។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានស្នើឲ្យសហរដ្ឋអាមេរិក ធ្វើការពិចារណាឡើងវិញលើការដាក់កំហិតទិដ្ឋាការដោយអយុត្តិធម៌ ទាក់ទងនឹងបញ្ហាមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ-អាមេរិក ដោយធានាដល់សមភាគីអាមេរិកអំពីកិច្ចសហប្រតិបត្តិការពេញលេញរបស់កម្ពុជាលើដំណើរការនេះ។

ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក ប្លីងខេន បានកត់សម្គាល់ដោយសេចក្តីពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើវិស័យជាច្រើន ដូចជាការកើនឡើងនូវការផ្លាស់ប្តូរខាងផ្នែកសេដ្ឋកិច្ច សុខាភិបាល អប់រំ ការបោសសំអាតមីន ការប្រឆាំងអំពើភេរវកម្ម ការរក្សាសន្តិភាព ការការពារបេតិកភណ្ឌវប្បធម៌ ការរុករកអដ្ឋិធាតុទាហានដែលបានបាត់ខ្លួនក្នុងសង្រ្គាម និងឈ្លើយសឹកអាមេរិក និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ពាណិជ្ជកម្មគឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការវិជ្ជមានដ៏ល្អប្រសើរបំផុតរវាងប្រទេសទាំងពីរ ហើយបានសម្តែងនូវសេចក្តីសង្ឃឹមថា ប្រព័ន្ឋអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជានឹងត្រូវបានបន្តសុពលភាពជាថ្មីឡើងវិញ ដើម្បីគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មករកម្ពុជា នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលភាគច្រើនជាស្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានរំលឹកឡើងវិញផងដែរ នូវការអរគុណរបស់កម្ពុជា ចំពោះសហរដ្ឋអាមេរិកដែលបានបន្តគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ក្នុងវិស័យជាច្រើន ដែលថ្មីៗបំផុតនេះ គឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោក អេនតូនី ប្លីងខេន បានបង្ហាញពីការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍរបស់កម្ពុជា និងធ្វើការយ៉ាងសកម្មជាមួយកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការខាងផ្នែកនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នា ធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្នាថែមទៀត ដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងសហរដ្ឋអាមេរិកលើគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង