ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

“សួនរុក្ខជាតិអង្គរ” ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាបត្រូវបាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

169

ខេត្តសៀមរាប៖ សួនរុក្ខជាតិអង្គរស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ដែលនៅតាមបណ្តោយរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅប្រាសាទអង្គរវត្ត បន្ទាប់ពីបានរៀបចំកែលម្អដោយមានដាំរុក្ខជាតិរាប់ម៉ឺនដើម និងផ្កាចម្រុះជាង៥០០ប្រភេទ រួចមក សួននេះត្រូវបានសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងវត្តមានប្រតិភូអមដំណើរ រួមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ឋ មន្ត្រីនិងបុគ្គលិកអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រមាណជាង១ពាន់នាក់ បានចូលរួម ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ឲ្យដឹងថា ការបង្កើតឲ្យមានសួនរុក្ខជាតិនេះឡើង ក្នុងគោលបំណង ដើមី្បធ្វើការផ្សព្វផ្សាយជូនសាធារណជនជាតិ អន្តរជាតិ បានចូលមកទស្សនាកម្សាន្ត និង ស្វែងយល់អំពី អំបូររុក្ខជាតិគ្រប់ប្រភេទ ដែលត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការអភិរក្ស សម្រាប់ឲ្យកូនចៅជំនាន់ក្រោយ បានសិក្សាស្វែងយល់ អំពីធនធានធម្មជាតិនៅកម្ពុជា ។ ម៉្យាងទៀត នេះជាផលិតផលទេសចរណ៍ថ្មីមួយ ដែលពោពេញដោយ គុណប្រយោជន៍ផ្នែកសង្គម និង សេដ្ឋកិច្ច ក៏ដូចជាការចូលរួមលើកកម្ពស់ ការយល់ដឹងបន្ថែមដល់ប្រជាជនកម្ពុជា បានស្គាល់ពីរុក្ខជាតិដ៏សម្បូរបែបនៅក្នុងស្រុក និង ក្រៅស្រុក រួមទាំងផលិតផលទេសចរណ៍បន្ទាប់បនំ្សមួយចំនួនផ្សេងទៀត ក្នុងសួន សំដៅបង្កើនស្មារតីស្រឡាញ់ និង ចូលរួមថែរក្សា ការពារ និង អភិរក្សមរត៍កជាតិយើង ។

ក្នុងនោះអាជ្ញាធរជាតិ អប្សរា បានធ្វើការកែលម្អរ និងពង្រីកផ្ទៃដីសួនគ្រឿងទេសបន្ថែម មកដល់បច្ចុប្បន្ននេះមានជិត១៥ហិចតា ឲ្យទៅជា(សួនរុក្ខជាតិអង្គរ) ដែលបានអនុវត្តបានរួចរាល់នៅដើមឆ្នាំ២០២២នេះ ដែលមានដាំដើមរុក្ខជាតិ ផ្កានិងឈើហូបផ្លែប្រមាណ៥០០ ប្រភេទ ហើយសួនរុក្ខជាតិអង្គរនេះ ត្រូវបានចែកជា៥ផ្នែក ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើមនៅក្នុងនោះដែរ។

នាឱកាសសម្ពោធនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានលើកផងដែរ អំពី អត្ថប្រយោជន៍ នៃរុក្ខជាតិ ដែលបានផ្តល់ដល់មនុស្សយើងនៅលើភពផែនដីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគាំទ្រចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនិងអាជ្ញាធរជាតិអប្សរាដែលបានបង្កើតជាសួនរុក្ខជាតិអង្គរដ៏មានសារៈសំខាន់មួយនេះឡើង ។

ឯកឧត្តម ជា សុផារ៉ា ក៏បានគូសបញ្ជាក់ថា សួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេសណាស់ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេសគឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលរោគផងនោះ។ «សួនរុក្ខជាតិអង្គរនេះ ក្រៅតែពីដាំរុក្ខជាតិអាចផ្សំជាឱសថ ដែលជាគំនិតដ៏សំខាន់នោះ វាក៏មានប្រយោជន៍សំខាន់មួយទៀតគឺជួយដល់វិស័យបរិស្ថាន នៃដំណើរការប្រែប្រួលអាកាសធាតុ បានផ្ដល់ជាម្លប់និងបញ្ចេញអុកហ្ស៊ីហ្សែន Oxygen សម្រាប់ ប្រព័ន្ធដកដង្ហើមផងដែរ» ។ ឯកឧត្តម បានបន្ថែមទៀតថា ការផ្ដួចផ្ដើមគំនិតបង្កើតសួនរុក្ខជាតិអង្គរ ដើម្បីជួយដល់ការប្រែប្រួលអាកាសធាតុនៅតំបន់អង្គរនេះ ចាត់ទុកថាជាការលើកស្ទួយដល់វិស័យបរិស្ថានផងនិងលើកស្ទួយដល់សុខភាពសាធារណៈនិងភ្ញៀវទេសចរផងដែរ។

ឯកឧត្តម ជា សុផារ៉ា ក៏បានសំណូមពរឲ្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈអាជ្ញាធរជាតិអប្សរា គួរធ្វើការកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីស្នើសុំឲ្យក្រសួងកសិកម្មជួយផ្ដល់ពូជឈើនិងរុក្ខជាតិ ព្រមទាំងអ្នកបច្ចេកទេសផង ដើម្បីធ្វើការពង្រីកនិងអភិវឌ្ឍន៍សួនរុក្ខជាតិអង្គរនេះឲ្យកាន់តែមានទំហំធំ ព្រមទាំងរុក្ខជាតិសំបូរបែប ដោយបន្ថែមរុក្ខជាតិថែមទៀត និង បានធ្វើការបំផុសដល់គ្រប់ទីវត្តអារាម និង អាជ្ញាធរ ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រកាន់ភ្ជាប់នូវប្រពៃណីដាំកូនឈើ ដើមី្បលើកកម្ពស់បរិស្ថាន និង សុខមាភាពយើងគ្រប់គ្នាផងដែរ ។ ម៉្យាងទៀត សួនរុក្ខជាតិអង្គរនេះ អាចនឹងផ្ដល់ជាផលិតផលទេសចរណ៍ថ្មីថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ដែលមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ឲ្យចាប់អារម្មណ៍និងចូលមកកម្សាន្ត ដើរលំហែរកាយ ក៏ដូចជាការដើរហាត់ប្រាណបន្ទាប់ពីគេបានទៅទស្សនាតំបន់រមណីយដ្ឋានអង្គររួចហើយនោះ៕

អត្ថបទដែលជាប់ទាក់ទង