ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក អត់ស្បៀងអាហារហូបចុក អាចទៅទាក់ទងទៅស្នាក់ការសង្កាត់ ខណ្ឌ គឺមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ

155

 

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ លោកឃួង ស្រេង បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក អត់ស្បៀងអាហារហូបចុក អាចទៅទាក់ទងនៅទីស្នាក់ការសាខាកាកបាទក្រហម ឬទីស្នាក់ការបក្សប្រជាជនកម្ពុជាសង្កាត់ ខណ្ឌ នោះ ខាងសង្កាត់បខណ្ឌនឹងផ្តល់ជូនបងប្អូន ពោលគឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។

ការណែនាំបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃទី២០ឧសភា ឆ្នាំ២០២២នេះ ខណៈដែលលោកនឹងលោកស្រី ជា ស៊ីណា ឃួង ស្រេង ចុះសំណេះសំណាលនិងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងអ្នករើសអេតចាយសរុបចំនួន
៥៦២នាក់ នៅក្នុងវត្តនាគវ័ន្តក្នុងសង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោហ៊ុន សែន សម្ដេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពោលគឺ នៅពេលដែលសម្ដេចតេជោ នៅតែដឹកនាំប្រទេសកម្ពុជា សម្ដេចមិនទុកឲ្យ ប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។

លោកឃួង ស្រេង បានស្នើទៅ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជួបបញ្ហាខ្វះខាតនៅក្នុងជីវភាពគ្រួសារខ្លាំង សូមបងប្អូន ទំនាក់ទំនង ទៅ អនុសាខាកាកបាតក្រហម សង្កាត់ ខណ្ឌ ឬនៅតាមសាលាសង្កាត់ សាលាខណ្ឌក៏ដូចជានៅតាមបក្សសង្កាត់ បក្សខណ្ឌដែលនៅជិតបងប្អូនប្រជាពលរដ្ឋ នោះបងប្អូននឹងទទួលបានស្បៀងអាហារជាក់ជាមិនខាន ។សូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តមកលើអាជ្ញាធរដែនដីគឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះស្បៀងអាហារនោះទេ។

លោកឃួង ស្រេង ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា អំណោយដែលត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋទាំង៥៦២នាក់នេះ គឺជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ៣០ គីឡូក្រាមមី១កេស ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខ និងថវិកា២ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង