រដ្ឋបាលរាជធានីអំពាវ នាវ អោយក្រុមបាតុករក្រុមហ៊ុន ណាហ្គាវើលដ៏ នៅសេសសល់មួយចំនួនតូច សូមចូលរួមដោះស្រាយជាមួយក្រសួងការងារ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាអោយក្រុមបាតុករក្រុមហ៊ុន ណាហ្គាវើលដ៏ មួយចំនួនតូច ដែលនៅសេសសល់ សូមចូលរួមអនុវត្តយន្តការដោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចអ្នកដទៃទៀតមួយចំនួនធំដែលបានទទួលយកនូវការដោះស្រាយរួច ហើយ ចៀសវាងការធ្វើបាតុកម្ម ខុសច្បាប់តាមខ្សែញាក់របស់ពួកអគតិ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២០ ឧសភានេះ ដែលក្នុងសេចក្តីប្រកាសព័ត៍មាននេះ មានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏មួយចំនួនតូច បានព្យាយាមរៀបចំឈុតឆាកជាបន្តបន្ទាប់ ជាពិសេសក្នុងអំឡុងពេលប្រជុំ Zoom កាលពីពេលកន្លងមក មានអ្នកចូលរួមប្រមាណជា១០០នាក់ ដែលក្នុងចំណោមអ្នកទាំងនោះ មានអ្នកត្រៀមទទួលយកការដោះស្រាយវិវាទការងារ បានផ្ដល់ព័ត៌មានមក ខាងក្រៅថាក្រុមនេះបាននឹងកំពុងព្យាយាមរៀបចំឈុតឆាកសម្តែង ដោយមានតួផ្សេងៗគ្នាដូចជា តួកំសត់ តួជនរងគ្រោះ និងអ្នកចាំថតយករូបភាព ដើម្បីបំភ្លៃព័ត៌មាន បំភាន់សាធារណមតិជារៀងរហូតមក។
ជាក់ស្តែងប៉ុន្មានថ្ងៃនេះ ទោះបីក្រុមគេកំពុងរៀបចំឈុតឆាកសម្ដែងថ្មីទៀតមិនទាន់បានសម្រេច ក៏ដោយ ក៏អ្នកទាំងនោះឆ្លៀតប្រឌិតព័ត៌មានក្លែងក្លាយ ក្រោមរូបភាពផ្ដល់កិច្ចសម្ភាសដល់ស្ថាប័នសារព័ត៌មាន គ្មានវិជ្ជាជីវៈមួយចំនួនដែលផ្សាយព័ត៌មានមិនពិត ចូលចិត្តលាបពណ៌ ញុះញង់ អុចអាល ដើម្បីបម្រើមហិច្ឆតា នយោបាយអ្នកនៅពីក្រោយខ្នង ដោយបាននិយាយបំផ្លើសថា អាជ្ញាធរមានសមត្ថកិច្ចបានប្រើអំពើហិង្សា វាយទាត់ធាក់លើស្ត្រី ស្ត្រីមានផ្ទៃពោះមួយខែ ធ្វើឱ្យប៉ះពាល់កូននៅក្នុងផ្ទៃ។ ផ្ទុយទៅវិញ តាមរយៈផែនការខ្មៅ កខ្វក់នេះ ក្រុមនេះបន្តធ្វើបាតុកម្មអុកឡុកបន្តទៀតនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយរៀបចំឱ្យមានសកម្មភាពប៉ះទង្គិចជាមួយសមត្ថកិច្ចគ្រប់រូបភាពតាមដែលអាច ធ្វើបាន ដូចជាបង្កឱ្យមានភាពយឺតយ៉ាវនៅពេលសមត្ថកិច្ចនាំឡើងលើរថយន្តជាដើម ដើម្បីឱ្យក្រុមខ្លួនថត សកម្មភាពយកទៅផ្សព្វផ្សាយមួលបង្កាច់ឱ្យប្រជាពលរដ្ឋអស់ជំនឿមកលើអាជ្ញាធរ។
ដើម្បីចៀសវាងកុំឱ្យសាធារណជនមានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មានដែលមិនឆ្លុះបញ្ចាំង អំពីការពិតតថភាពជាក់ស្តែង មានចេតនាទុច្ចរិត មានគោលបំណងកេងចំណេញនយោបាយតាមទិសដៅ ដែលបានដាក់ចេញដោយក្រុមអគតិមួយចំនួនក្នុងអំឡុងពេលឃោសនាបោះឆ្នោតជិតមកដល់ រដ្ឋបាលរាជធានី ភ្នំពេញសូមច្រានចោលការចោទប្រកាន់ខាងលើ និងគូសបញ្ជាក់ថា កន្លងមកក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ក្រោមការរៀបចំផែនការ និងសេនារីយូដើម្បីឱ្យសម្ដែងរបស់ជនអគតិ មួយក្តាប់តូចលក់មនសិការឱ្យជនបរទេស ដែលមានចេតនាបំផ្លាញសន្តិភាព បង្កអសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តែងតែធ្វើសកម្មភាពញុះញង់ និងចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចថា បានប្រើអំពើហិង្សា បង្ក្រាបក្រុមបាតុករខណៈពេលដែលសមត្ថកិច្ចកំពុងខិតខំបំពេញតួនាទីក្នុងការរក្សាសន្តិសុខ សុវត្ថិភាពសង្គម។
រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់ក្រុមបាតុករក្រុមហ៊ុន ណាហ្គាវើលដ៏ មួយចំនួនតូច ដែលនៅសេសសល់ សូមចូលរួមអនុវត្តយន្តការដោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចអ្នកដទៃទៀតមួយចំនួនធំដែលបានទទួលយកនូវការដោះស្រាយរួចទៅហើយ ចៀសវាងការធ្វើបាតុកម្ម ខុសច្បាប់តាមខ្សែញាក់របស់ពួកអគតិ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ៕