កីឡាម៉ូតូទឹកកម្រិតអន្តរជាតិឆ្នាំ២០២២ កំពុងតែប្រកួតនៅខេត្តព្រះសីហនុ
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិ ឆ្នាំ២០២២(Cambodia International JET SKI Championship2022)ដែលចាប់ផ្ដើមពីថ្ងៃទី១៨មកនោះនឹងបញ្ចប់នៅថ្ងៃទី២២ឧសភាស្អែកនេះ។
ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡានិងជាប្រធានសហព័ន្ធម៉ូតូទឹកកម្ពុជាបាន មានប្រសាសន៍ថាព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក កម្រិតអន្តរជាតិឆ្នាំនេះ មានប្រតិភូ កីឡាករ កីឡាការិនីខ្លាំងៗ ចំនួន៦០នាក់ កម្រិតអន្តរជាតិនិងពិភពលោកមកចូលរួមប្រកួតដណ្ដើមពាន
រង្វាន់ និងប្រាក់រង្វាន់ជាង ៣ម៉ឺនដុល្លារ ក្នុងនោះមាន៖ វីរៈកីឡាករកម្ពុជា សាលី អ៊ូមើត មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី កីឡាករជម្រើសជាតិ ម៉ឹន មូសស្តាន កៃ វ៉ាន់ស៊ីដែន សាលី ហ្វីលីន ម៉ីន អូស្មាន់ ជាដើម។
ព្រឹត្តិការណ៍នេះមានការចូលរួមពី៤ប្រទេសគឺកម្ពុជាម្ចាស់ផ្ទះ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសថៃ ដោយប្រកួតលើ ៧វិញ្ញាសា និងមានគណៈកម្មការបច្ចេកទេសអន្តរជាតិចំនួន ១៣នាក់ និងគណៈកម្មការថ្នាក់ជាតិ ៣៥នាក់។
ឯកឧត្តមគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះ
សីហនុបានបញ្ជាក់ថាព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិត
អន្តរជាតិ ឆ្នាំ២០២២នេះ ធ្វើឡើងក្នុងគោលបំណងធំៗ ចំនួន៣គឺ៖
ទី១៖ដើម្បី វាស់ស្ទង់សមត្ថភាពកីឡាករ និងគុណផលកីឡា សម្រាប់ត្រៀមដណ្តើមមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣។
ទី២៖វាស់ស្ទង់សមត្ថភាពគណៈកម្មការបច្ចេកទេស០រៀបចំ
ព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធត្រៀមធ្វើជាម្ចាស់ផ្ទះនៅកម្ពុជា ឆ្នាំ២០២៣។
ទី៣៖ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាកម្ពុជាជាពិសេសបង្ហាញពីការចាប់ផ្តើមស្តារសង្គមសេដ្ឋកិច្ចឡើងវិញក្នុងនិងក្រោយស្ថានភាពវិបត្តិជម្ងឺកូវីដ-១៩។
ឯកឧត្តមអភិបាលខេត្តបន្តថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញនិងការអភិ
វឌ្ឍលើគ្រប់វិស័យ។ក្នុងនោះវិស័យកីឡាក៏បានយកចិត្តទុកដាក់ សំដៅកសាងធនធានមនុស្សឱ្យមានសុខភាពល្អ សមត្ថភាព និងសីលធម៌ខ្ពស់ ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្តមគួចចំរើនបន្ថែមទៀតថាដើម្បីឆ្លើយតបទៅនឹង
ការរីកចម្រើននៃវិស័យកីឡាជាតិក្នុងតំបន់កម្ពុជាបានរៀបចំការប្រកួតកម្រិតជាតិ និងអន្តរជាតិ ដើម្បីជ្រើសរើសបានកីឡាករ កីឡាការិនីល្អៗចូលក្នុងក្រុមជម្រើសជាតិហ្វឹកហាត់ជាពិសេសសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាពកីឡាករ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ៕