ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនល្មោភកាមម្នាក់ បន្ទាប់ពីល្បួងកូនស្រី ទៅបេះក្រូចឆ្មារ នៅក្រោយផ្ទះ ហើយក៏ចាប់រំលោភបានសម្រេច

72

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាល និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបានសហការគ្នាបង្រ្កាបជនល្មោភកាមម្នាក់បន្ទាប់ពីទទួលបានបណ្ដឹងពីស្រ្តីម្នាក់ដែលប្តឹងចោទប្រកាន់ថាជនសង្ស័យរូបនេះបានចាប់រំលោភសេពសន្ថវៈកូនស្រីរបស់គាត់រហូតបានសម្រេច ។

អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងនៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២នេះថា ករណីសមត្ថកិច្ចអនុវត្តបណ្ដឹងពាក់ព័ន្ធនឹងការចាប់រំលោភសេពសន្ថវៈខាងលើ គឺបានធ្វើឡើងនាវេលាម៉ោង១៤និង៤៥នារិ រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពពីអាជ្ញាធរដដែលបន្តឱ្យដឹងទៀតថា ជនសង្ស័យពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈនេះ ឈ្មោះ ធុយ ថន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ/ឃុំកើតហេតុ។ ចំណែកកុមារីរងគ្រោះអាយុ ១០ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែលបញ្ជាក់បន្តទៀតថា ខ្លឹមសារក្នុងបណ្ដឹងស្រ្តីជាម្ដាយគឺបានឱ្យដឹងថា ជនសង្ស័យ(ធុយ ថន)បានល្បួង និងប្រើល្បិចកលឱ្យលុយកូនស្រីរបស់គាត់ចំនួន១០០០រៀល ដើម្បីជូនទៅបេះផ្លែក្រូចឆ្មារនៅខាងក្រោយផ្ទះ ហើយក៏ធ្វើសកម្មភាពចាប់រំលោភបានសម្រេចតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ រួចហើយបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការបន្ត។

ចំណែកកុមារីរងគ្រោះបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ៕

អត្ថបទដែលជាប់ទាក់ទង