សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារ ជាមួយប្រធានអគ្គស្នងការនយោបាយនៃកងទ័ពរៀតណាម
នៅរសៀលថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Luong Cuong ប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពវៀតណាម ដែលបានធ្វើឡើង នៅវិមានសន្តិភាព។
លោក Luong Cuong បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា នេះជាលើកទីមួយហើយដែលលោក បានដឹកនាំគណៈប្រតិភូអគ្គស្នងការនយោបាយ នៃកងទ័ពវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា។
លោក Luong បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីលោកនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេចតេជោ ហើយក៏បាន សំដែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ នូវលទ្ធផលនៃការបោះឆ្នោត ដែលបានទទួលជោគជ័យ យ៉ាងត្រចះត្រចង់ និងទទួលបានដឹកនាំបន្តទៀត របស់សម្ដេចតេជោ។ លោក Luong ក៏បានគោរពរាយការណ៍ ជូនសម្ដេចតេជោផងដែរថា លោកបានជួបពិភាក្សាការងារ ជាមួយសម្ដេចពិជ័យសេនា ទៀបាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ហើយក៏បានធ្វើទស្សនកិច្ចនៅកងពលតូចលេខ ៧០ ហើយក៏បាន ជួបពិភាក្សាការងាររួមគ្នាដើម្បីវាយតម្លៃ ពីស្ថានភាពនយោបាយ លើពិភពលោក និងស្ថានភាពនយោបាយ ក្នុងតំបន់ និងការប្រឈមទាំងឡាយ ព្រមទាំងការរួមគ្នា ដើម្បីពង្រឹងមិត្តភាពធ្វើយ៉ាងណា រក្សាអោយបាននូវ សុខសន្តិភាពស្ថេរភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ជាពិសេស តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ ការផ្លាស់ប្ដូរព័ត៌មាន ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូរទស្សនកិច្ចរវាងភាគីទាំងពីរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការចូលរួមសោកស្ដាយ ចំពោះមរណភាព របស់លោកប្រធានាធិបតីវៀតណាម Tran Dai Quang ហើយក៏បានថ្លែងអំណរគុណ ជូនចំពោះលោក Luong Cuong ដែលបានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខ និងការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា ពីលោកនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេច។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានគាំទ្រផងដែរ ចំពោះរបាយការណ៍ និងការលើកទឹកចិត្ត ដល់ការអនុវត្តលើអ្វី ដែលសម្រេចបាន ហើយជូនពរឲ្យទទួលបានជោគជ័យ។
ឆ្លៀតឱកាសនោះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលវៀតណាម ដែលកន្លងមកបានជួយដល់កម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា ភាពរស់រានមានជីវិត និងភាពរុងរឿងរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បាន ពីការចូលរួមចំណែករបស់វៀតណាមបានឡើយ៕