ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​កីឡា​ការិនី​ ស្នូឃ័រ និង​ប៊ីយ៉ាស្រួង ភាវី ឈ្នះ​មេដាយ​សំរឹទ្ធ ជើង​ឯក​ពិភព​លោក

119


ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្តីប្រកាស អបអរសាទរ​កីឡា​ការិនី​ ស្នូឃ័រ និង​ប៊ីយ៉ា ជម្រើស​ជាតិ​កម្ពុជា ស្រួង ភាវី ឈ្នះ​មេដាយ​សំរឹទ្ធ ពី​ការ​ប្រកួត​កីឡា​ស្នូឃ័រ​ជើង​ឯក​ពិភព​លោក 3-Cushion-World Championship Ladies លើក​ទី​៨ នៅ​ទីក្រុង Izmir សាធារណរដ្ឋ​តួកគី ដោយ​ទទួល​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង បន្ទាប់​បាន​ឆ្លង​កាត់​ចំនួន ៥ប្រកួត។

​កីឡា​ការិនី​ជម្រើស​ជាតិ​​​ប៊ីយ៉ា​ និង​ស្នូកឃ័រ​កម្ពុជា ស្រួង ភាវី ទទួល​បាន​មេដាយ​សំរឹទ្ធ​ ក្រោយ​ចាញ់​កីឡា​ការិនី​ជប៉ុន ៣០-១០ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ការ​ប្រកួត​​ជើង​ឯក​ស្នូឃ័រ ​ពិភព​លោក​នៅ​ប្រទេស​តួកគី​ ដែល​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃទី២០កញ្ញា​។
កីឡាការិនី​តំណាង​ឲ្យ​កម្ពុជា ស្រួង ភាវី ធ្វើ​បាន​​​ល្អ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ ​ក្នុង​ពូល​រហូត​ឡើង​វគ្គ​៨​នាក់​ចុង​ក្រោយ និង​វគ្គ​៤​នាក់​ចុង​ក្រោយ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ ឬ​វគ្គ​៤​នាក់​ចុង​ក្រោយ​បាន​ចាញ់​កីឡាការិនី​ជប៉ុន Orie HIDA ដោយ​ពិន្ទុ ៣០-១០ ដែល​បាត់​បង់​ឱកាស​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ។ តាម​ពិត​ទៅ ភាវី ធ្លាប់​បាន​ឈ្នះ​កីឡាការិនី​ជប៉ុន​រូប​​នេះ ​ដោយ​ពិន្ទុ ២៥-២៤ ក្នុង​សន្សំ​ពិន្ទុ​តាម​ពូល។
ចំពោះ​ចំណាត់​ថ្នាក់​លេខ​១​បាន​ទៅ​កីឡាការិនី​ហុល្លង់ Therse Klompenhouwer ដែល​ទទួល​បាន​មេដាយ​មាស បន្ទាប់​ពី​ឈ្នះ​កីឡាការិនី​ជប៉ុន Hida ដែល​ទទួល​បាន​មេដាយ​ប្រាក់ ខណៈ​កីឡាការិនី​ម្ចាស់​ផ្ទះ​ទួរគី Gulsen DEGENER បាន​លេខ​៤​ទទួល​បាន​មេដាយ​សំរឹទ្ធ​ផ្ទួន។

​ស្រួង ភាវី ​នឹង​ទទួល​បាន​​ប្រាក់​រង្វាន់ ៦៤​លាន​រៀល​ (១៦០០០ ដុល្លារ​អាមេរិក​) ​តាម​​អនុក្រឹត្យ​​រាជរដ្ឋាភិបាល​។ ​មេដាយ​សំរឹទ្ធ​នេះ​គឺ​ស្មើ​នឹង​​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​៣ ក្នុង​ព្រឹត្តិការណ៍​ (8th World Championship Ladies 3-Coshion Izmir )។

បើតាមផេកហ្វេសប៊ុក អ្នកស្រី ស្រួង ភាវី បានថ្លែងថា “ខ្ញុំជាកូនស្រីរបស់កម្ពុជា ត្រូវតែក្លាហាន ត្រូវតែរឹងមាំ ដើម្បីដើរ លើពិភពលោក ខ្ញុំបានឈ្នះមេដាយសំរឹទ្ធ លេខ៣ ពីការប្រកួតកីឡាស្នូឃ័រ ជើងឯកពិភពលោក នៅតួកគី ជាការប្រគួតដំបូងសម្រាប់ខ្ញុំ សូមអរគុណពុកម៉ែបងប្អូន នៅកម្ពុជាទាំងអស់”៕

អត្ថបទដែលជាប់ទាក់ទង