ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្វែងរកយន្តការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដែលកម្ពុជាកំពុងជួបប្រទះ

251


ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សា ជាមួយមន្ត្រីធនាគារពិភពលោក ក្នុងគោលបំណងពិភាក្សា ផ្លាស់ប្តូរមតិលើបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាកំពុងជួបប្រទះ សំដៅប្រមូលនៅធាតុចូលសំខាន់ៗ ដើម្បីកែលម្អស្ថានភាព ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ឲ្យមានភាពប្រសើឡើង និងដើម្បីពង្រឹងសមត្ថភាព ប្រកួតប្រជែង នៅក្នុងក្របខ័ណ្ឌកម្រិតតំបន់។

នៅទីស្តីការក្រសួងពាណិជ្ជកម្ម ព្រឹកថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីប្រមាណជាង ៣០រូប ជួបប្រជុំជាមួយក្រុមការងារ បេសកកម្មធនាគារពិភពលោក ដឹកនាំដោយលោក មីហ្គែល អេកាដូ សានឆេហ្ស ម៉ាទីនី និងលោក អាល់បើតូ ប៉ូទុយហ្គាល់ ដែលជាសេដ្ឋវិទូជាន់ខ្ពស់ នៃធនាគារពិភពលោក ប្រចាំនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំ លោកស្រីរដ្ឋលេខាធិការ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានមន្ត្រីធនាគារពិភពលោក ដែលបានមកផ្តល់អនុសាសន៍ ក៏ដូចជាគាំទ្រដល់ការធ្វើពិពិធកម្ម (ពង្រីក) វិស័យសេដ្ឋកិច្ចកម្ពុជា។ លោកស្រីរដ្ឋលេខាធិការ បានជម្រាបជូនពីកំណើនសេដ្ឋកិច្ចរឹងមាំរបស់កម្ពុជា និងដំណើរការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ដើម្បីជាត្រីវិស័យក្នុងការអភិវឌ្ឍផលិតផលអទិភាព និងធ្វើពិពិធកម្មការនាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក។

អង្គប្រជុំបានពិភាក្សារបៀបវារៈមួយចំនួនមានដូចជា៖ កត្តាប្រឈមលើការជ្រៀតចូលទីផ្សារដែលជះឥទិ្ធពលដល់អ្នកនាំចេញ (វិធានការណ៍លើកលែងពន្ធនាំចូល, ប្រភពដើមទំនិញ, ការអនុវត្តកិច្ចព្រមព្រៀង EBA (អ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ) ការលុបបំបាត់របាំងបច្ចេកទេសពាណិជ្ជកម្ម (អនាម័យ និងភូត្តគាមអនាម័យ), ការពង្រឹងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក, ការអភិវឌ្ឍខ្សែចង្វាក់តម្លៃបន្ថែម, និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទទួលបានផលិតភាពខ្ពស់។

តាមរយៈកិច្ចពិភាក្សាថ្ងៃនេះ ក្រុមការងារបេសកកម្មនៃធនាគារពិភពលោក បានទទួលនូវព័ត៌មានជាច្រើន សម្រាប់ធ្វើជាគន្លឹះ ក្នុងការពង្រឹង និងកែតម្រូវរបាយការណ៍វាយតម្លៃ ក៏ដូចជាធាតុចូលផ្សេងៗ សម្រាប់ចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយរាជរដ្ឋាភិបាល ទៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង