ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពទឹកសមុទ្រនៅតំបន់មួយចំនួន ដែលល្អក់ដោយសារតែទឹកភ្លៀង វិលមកសភាពដើមធម្មតាវិញ

81

ការិយាល័យអ្នកនាំពាក្យក្រសួងបរិស្ថានសូមជម្រាបជូនដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយឱ្យបានជ្រាបថា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ស្ថានភាពទឹកសមុទ្រនៅតំបន់មួយចំនួន ដែលល្អក់ដោយសារតែ ទឹកភ្លៀងខ្លាំងហូរនាំយក ដីកំណាយបុកគ្រឹះពីការដ្ឋាននៅក្បែរៗនោះ ចូលតាមរយៈអូរនិងប្រឡាយនា ពេលកន្លងទៅនោះ ឥឡូវនេះ បានវិលមកសភាពដើមវិញហើយ។ ការវិលមកសភាពដើមធម្មតាវិញនេះ ដោយសារតែមិនមានភ្លៀងធ្លាក់ខ្លាំងហើយ ការដ្ឋានសាងសង់ដែលមិន បានគ្រប់គ្រងការដ្ឋានបានល្អ ត្រូវបានណែនាំគ្រប់គ្រងការដ្ឋានខ្លួន ឱ្យបានល្អចៀសវាងពេលភ្លៀង នាំឱ្យនាំយកនូវដីបុកគ្រឹះ កាយគ្រឹះទៅជាមួយជាថ្មីទៀត។ ការដ្ឋានសំណង់មួយ ចំនួនដែលបានបំពានច្បាប់ ក៏ត្រូវបានផាកពិន័យផងដែរ។

ការិយាល័យអ្នកនាំពាក្យក្រសួងបរិស្ថាន សូមគូសបញ្ជាក់ផងដែរថា នៅរៀងរាល់រដូវវស្សា ពេលភ្លៀងធ្លាក់ខ្លាំងតែងតែធ្វើ ឱ្យទឹកសមុទ្រមាន ភាពល្អក់កករខ្លះដោយសារតែ ទឹកភ្លៀងហូរចូលសមុទ្រតាមអូរ ប្រឡាយនាំយកទៅជាមួយនូវដីល្បាប់ខ្លះ។ នេះជារឿងធម្មតា មិនមានការប៉ះពាល់ដល់សមុទ្រទេ។ ជាមួយគ្នានេះ មន្ត្រីជំនាញនៃក្រសួងបរិស្ថានក៏បានចុះពិនិត្យ និងអនុវត្តច្បាប់បន្ថែម ក៏ដូចជាអប់រំណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ប្រជាពលរដ្ឋ កុំឱ្យបង្ហូរទឹកសម្អុយចូលក្នុងសមុទ្រ ត្រូវធ្វើអាងប្រព្រឹត្តិកម្ម ឬគ្រប់គ្រងសំណល់រឹង រាវ សំរាមខ្លួនឱ្យបានល្អ ដើម្បីថែរក្សាអនាម័យបរិស្ថាន និងសម្រស់ឆ្នេរសមុទ្រកម្ពុជាឱ្យល្អស្អាត និងជាទីកន្លែងទាក់ទាញភ្ញៀវទេសចរ។

ជាមួយគ្នានេះ ការិយាល័យអ្នកនាំពាក្យក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងសម្អាតបរិស្ថានជាប្រចាំ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថាន ទាំងអស់គ្នាដើម្បីកម្ពុជា ស្រស់ស្អាតគ្មានសំរាម នៅរាយប៉ាយ និងសូមចូលរួមអភិរក្សនិងការពារឆ្នេរសមុទ្រយើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង