ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តសៀមរាប ដោះលែង ស្ថាបនិក​អង្គការ​មីន​ លោក អាគីរ៉ា តែ​អង្គការ​របស់​លោក​នៅ​បន្ត​បិទ​ទ្វារ

127

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង ប្រាប់ ថា តុលាការបានដោះលែង សហការីបីនាក់របស់អង្គការដោះមីនកម្ពុជា និងសារមន្ទីរមីនអាគីរ៉ា រួមមាន លោក អឿន យក្ស ហៅអាគីរ៉ា លោក អឿន យុន និង លោក ហ៊ាញ សុគន្ធា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី២១កញ្ញា ដោយមានការធានាពីមេធាវី ក្រោយឃុំខ្លួនជិត៣០ថ្ងៃ។

លោក អាគីរ៉ា និងបុគ្គលិកពីរនាក់ទៀត ត្រូវបាននគរបាលខេត្តសៀមរាប ឃាត់ខ្លួន បន្ទាប់ពីឆេះឃ្លាំងគ្រាប់ក្នុង បរិវេណសារមន្ទីរមីន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ ក្រោយមកតុលាការខេត្តសៀមរាប បានសម្រេឃុំខ្លួនក្នុងពន្ធនាគារ ដោយចោទពីបទ រក្សាទុកអាវុធជាតិផ្ទុះដោយខុសច្បាប់ នៅក្នុងបរិវេណសារមន្ទីរ។

អាជ្ញាធរខេត្តសៀមរាប បានបិទសារមន្ទីរមីនអាគីរ៉ាជា បណ្តោះអាសន្ន ហើយកុមារកំព្រា២០នាក់ ដែលស្នាក់នៅទីនោះ ត្រូវបាយយកទៅរស់នៅផ្ទះឯកជនមួយ ដោយមានការជួយឧបត្ថម្ភពី ជនបរទេសពីរនាក់​​​​​​ ប៉ុន្តែកំពុងប្រឈមកង្វះអារហារ។

បើ​ទោះ​ជាលោក​អាគីរ៉ា​បាន​នៅ​ក្រៅ​ឃុំ​ពិត​មែន តែ​អង្គការ​សារមន្ទីរ​គ្រាប់​មីន ស្ថិត​ក្នុងស្រុក​បន្ទាយ​ស្រី មិន​ទាន់​បើក​ទ្វារ​ឲ្យ​ដំណើរការ​ឡើង​វិញ ​នៅ​ឡើយ​ទេ គិត​មក​ដល់​ថ្ងៃ​សៅរ៍​នេះ។

បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន លោក​អាគីរ៉ា​ និង ​សមាជិក​២​នាក់​ទៀត​ដែល​ជា​អនុ​ប្រធាន និង​ជា​បុគ្គលិក​អង្គការ​សារ​មន្ទីរ​គ្រាប់​មីន បាន​ត្រឡប់​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​ពួក​គេ​រៀងៗ​ខ្លួន។

បើ​ទោះ​បី​ជាចេញ​មក​នៅ​ក្រៅ​ឃុំ​ហើយ​ក៏​ដោយ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា អ្នក​ទាំង​បី នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ ឬ​ក៏​អត់ ខណៈ​ដីកាបង្គាប់ឲ្យដោះលែងឲ្យនៅក្រៅឃុំប​ណ្ដោះ​អា​សន្ន មិន​ត្រូវ​បានបង្ហាញ​ឲ្យ​ឃើញ​ជា​សាធារណៈ​នោះ​ទេ។

ទន្ទឹម​នឹង​ការ​បិទ​ទ្វារ សមត្ថ​កិច្ច​ក៏​នៅ​តែ​បន្ត​ឈរ​ជើង​យាមកាម​យ៉ាង​តឹង​រ៉ឹង​នៅ​ទី​នោះ​ដដែល​។ អនាគត​នៃ​​អង្គការសារមន្ទីរ​គ្រាប់​មីនរបស់លោក អាគីរ៉ា ថា​តើ​នឹង​បើក​ដំណើរការឡើងវិញ​ឬ​អត់ ស្ថិត​នៅ​ក្នុង​ភាព​ស្រពេច​ស្រពិល៕

អត្ថបទដែលជាប់ទាក់ទង