ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនរងគ្រោះដែលខ្មាន់កាំភ្លើងបាញ់សម្លាប់ព្រឹកម៉ិញនៅផ្សារនាគមាស ជាជនដែលគាស់ក្បៀងដំបូលបន្ទប់មន្ទីរសង្គមកិច្ច រត់ចេញកាលពីយប់ម៉ិញ

141

 

ភ្នំពេញ៖ ជនរងគ្រោះដែលខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅផ្សារនាគមាស ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីព្រឹកម៉ិញ គឺជាជនដែលគាស់ក្បៀងដំបូលបន្ទប់មន្ទីរសង្គមកិច្ចរាជធានី រត់គេចចេញកាលពីយប់ម៉ិញ ពោលគឺរត់គេចមិនទាន់បាន៣ម៉ោងផងក៏ត្រូវបានគេបាញ់សម្លាប់ នេះបើតាមការបញ្ជាក់ពីលោកស្រីមុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ កញ្ញានេះ។

  លោកស្រីបានអោយដឹងថា មានករណីជនប្រើប្រាស់គ្រឿងញៀន ឈ្មោះ ធី  ឆូរ  ភេទប្រុស អាយុ   ២៧ឆ្នាំ ត្រូវបានបញ្ជូនមកពីអធិកា ខណ្ឌទួលគោក អោយមកមន្ទីរសង្គមកិច្ច កាលពីយប់ម៉ោងប្រហែល 20 នាទីថ្ងៃទី២២/0៩/២០១៨ ( យប់មិញនេះ)  ហើយ នៅម៉ោងប្រហែល ៣ទៀបភ្លឺ បានលួចបើកគាស់ក្បៀងដំបូលបន្ទប់ដាក់បណ្ដោះអាសន្ន នៃមន្ទីរសង្គមកិច្ច គេចខ្លួនចេញតាមក្រោយចំការព្រីងរត់បាត់ ។ស្រាប់តែនៅម៉ោងប្រហែល៦ព្រឹកមិញ-នេះ(ថ្ងៃទី២៣/៩)  លោកស្រីបានទទួលពត៏មាន ពីលោកអភិបាលខណ្ឌទួលគោក ថាជននេះត្រូវបានស្លាប់ហើយ ។

  លោកស្រីបានបញ្ជាក់បន្ថែមថា យុវជននោះមិនទាន់បានបញ្ជូន ដាក់ក្នុងមណ្ឌលនៅឡើយ នៅត្រឹមបន្ទប់ស្នាក់នៅ ទុកដាក់បណ្ដោះអាសន្ន នៃមន្ទីរសង្គមកិច្ច រង់ចាំបញ្ជូនចូលនៅពេលព្រឹកឡើង ហើយក៏ត្រូវជននេះគាស់ក្បៀងដំបូលបន្ទប់មន្ទីរសង្គមកិច្ចរាជធានី រត់គេចចេញបាត់តែម្តង ។

 គួរបញ្ជាក់ថា  បុរសម្នាក់ដែលគេស្គាល់ថា ជាកម្មករអូសរទេះដឹកបន្លែនៅផ្សារនាគមាសនិងជាមនុស្សញៀនថ្នាំញៀនផងនោះ ត្រូវបានខ្មាន់កាំភ្លើង តាមមកបាញ់សម្លាប់ជាច្រើនគ្រាប់ បណ្តាលអោយស្លាប់ក្នុងថ្លុកឈាមគួរអោយអាសូរ ហើយក្រោយពេលកើតហេតុ ខ្មាន់កាំភ្លើងបានគេចខ្លួនបាត់។

   អំពើបាញ់សម្លាប់មនុស្សយ៉ាងសាហាវនេះបានបង្កើតអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹម ថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅចំណុចខាងជើងផ្សារនាគមាស ទល់មុខផ្ទះសំណាក់ A5 លើផ្លូវ២៣៤ ជិតផ្លូវ២៣១ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

   សាកសពជនរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ធី ឆូរ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើរនៅភូមិគោកដណ្តែក ឃុំគោកសណ្ដែក ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានជនសង្ស័យបាញ់ត្រូវចំនួន៣គ្រាប់ស្លាប់ក្នុងថ្លុកឈាម។

   សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់អោយដឹងថា  នៅព្រឹកថ្ងៃកើតហេតុនេះ គេបានឃើញជនរងគ្រោះអង្គុយនៅចំណុចកើតហេតុ តែមិនដឹងថា មានរឿងអ្វីនោះទេ ស្រាប់តែមានជនសង្ស័យម្នាក់ ដើរមកក្បែរហើយដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ចំនួន៤គ្រាប់ បណ្ដាលឲ្យបុរសរងគ្រោះដួលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ហើយភ្លាមនោះ ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។     

     ក្រោយករណីបាញ់ប្រហារនេះ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះធ្វើកោសល្យវិច័យ ដោយរកឃើញសំបកគ្រាប់ចំនួន៣គ្រាប់ នៅកន្លែងកើតហេតុ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីករណីបាញ់សម្លាប់មនុស្សខាងលើនេះនូវឡើយទេ។

   បើតាមក្រុមកម្មករអូសរទេះនៅផ្សារនាគមាស ឲ្យដឹងថា ជនរងគ្រោះជាមនុស្សញៀនថ្នាំ ដែលកន្លងទៅធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ចក្រុង យកទៅអប់រំកែប្រែម្ដងរួចមកហើយ ខណៈពេលដែលជនរងគ្រោះដើរអុកឡុកផ្ទះគេ។

  ក្រោយពេលកើតហេតុនេះ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ហើយសមត្ថកិច្ចនិងបើកការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញា ក្នុងការតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង