ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងអាណត្តិកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានអនុម័តប្រទេសបន្តវេនធ្វើម្ចាស់ផ្ទះ៥តំណ

129

ភ្នំពេញ៖ពេលនេះកម្ពុជាជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ដែលមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) ឆ្នាំ២០២២-២០២៣ បានអនុម័តសម្រេចប្រទេសបន្ដវេន ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម រហូតដល់ ៥តំណ ពោលគឺចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០៣៣។

នេះជាជាជោគជ័យថ្មីមួយទៀត ដែលត្រូវបានចាត់ទុកថាជារបត់ថ្មី ចេញពីកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣(CAMSOC)បានថ្លែងក្រៅពីទទួលបានជោគជ័យក្នុងការអនុម័តប្រភេទកីឡា និងអនុម័តការលក់សិទ្ធិទូរទស្សន៍ កម្ពុជាបានសម្រេចជោគជ័យដ៏កម្រមួយទៀត គឺការអនុម័តប្រទេសម្ចាស់ផ្ទះបន្ដវេន ៥តំណ បន្ដពីកម្ពុជា ក្នុងរជ្ជកាលឯកឧត្តមបណ្ឌិត ថោង ខុន ជាប្រធាន SEAGF។

គោលដៅកំណត់ម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម៥តំណបន្ដទៀតដោយកិច្ចប្រជុំបានអនុម័តថា ស៊ីហ្គេម ឆ្នាំ២០២៥ គឺធ្វើនៅថៃ ឆ្នាំ២០២៧ នៅម៉ាឡេស៊ី ឆ្នាំ២០២៩ នៅសិង្ហបុរី ឆ្នាំ២០៣១ នៅឡាវ និងឆ្នាំ២០៣៣ នៅហ្វីលីពីន។ អ៊ីចឹង ការអនុម័តជាបន្ដបន្ទាប់នេះ បានបញ្ជាក់នូវទំនុកចិត្ដមួយក្នុងការរក្សានិរន្ដរភាពនៃការអភិវឌ្ឍចលនាកីឡាអូឡាំពិកក្នុងតំបន់។

ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ឯកឧត្តមបានគូស
បញ្ជាក់បន្ថែមថា ក្នុងរបត់ថ្មីនេះ ដោយផ្ដើមចេញពីកម្ពុជា អត់ដូចពីមុននោះទេ ដែលមិនមានការអនុម័តឬដឹងមុនថាប្រទេសណាត្រូវធ្វើម្ចាស់ផ្ទះបន្ទាប់?បច្ចុប្បន្នពិសេសក្រោយបរិបទកូវីដ-១៩ ធូរស្រាល គឺមានប្រទេសជាច្រើន បានដាក់ពាក្យស្នើសុំធ្វើម្ចាស់ផ្ទះ មានន័យថាមានការប្រជែងគ្នាដាក់ពាក្យស្នើសុំធ្វើម្ចាស់ផ្ទះខុសពីគ្រាមុនមិនសូវមានប្រទេសណា ចង់រៀបចំព្រឹត្តិការណ៍កីឡាធំៗបែបនេះឡើយ។

ឥឡូវនេះ ដល់ពេលហើយ តំបន់នេះ (តំបន់អាស៊ាន) គឺមានការប្រែប្រួល។ អ៊ីចឹង របត់ថ្មីចេញពីកម្ពុជា ហើយជោគជ័យបំផុត ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន គឺបានកំណត់ ៥តំណ ធ្វើការរួមគ្នា បានន័យថា កំណត់បាន ១០ឆ្នាំ ដើម្បីបន្ដនិរន្ដរភាពទៅមុខទៀត។
ប្រទេសទាំងអស់ សប្បាយចិត្ត មានភាពកក់ក្ដៅ រង់ចាំដល់វេនខ្លួន គឺរៀបចំឲ្យបានល្អ បានន័យថា ប្រទេសទទួលបានសិទ្ធិហ្នឹង គាត់មានពេលវេលាគ្រប់គ្រាន់ បន្ទាប់ពីដឹងថា គាត់ដល់ពេលណាៗ ហើយធ្វើឲ្យគុណតម្លៃនៃការរៀបចំការប្រកួត កាន់តែលេចត្រដែត និងឈានទៅដល់ស្ដង់ដារកាន់តែខ្ពស់ឡើងៗ ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង