កម្ពុជា និងជប៉ុន ធ្វើការដើម្បីភាពជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន ផ្លាស់ប្ដូរយោបល់ និងការពិភាក្សាជាមួយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅក្នុងជំនួបនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ក៏ដូចជារវាងអាស៊ាន-ជប៉ុន និងការត្រៀមរៀបចំសម្រាប់ភាពជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងត្រូវរៀបចំដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន។
នៅក្នុងក្របខ័ណ្ឌទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានពិភាក្សាអំពីកម្មវិធីបណ្តោះអាសន្ននៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រី ការបរទេសជប៉ុន Yoshimasa Hayashi ជាពិសេសអំពីសំណើសុំចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន, ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ, ការចុះហត្ថលេខាលើលិខិតប្តូរសារនិងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់ជប៉ុន និងសកម្មភាពផ្សេងៗទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរអំពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
កិច្ចប្រជុំសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន+ជប៉ុន (ASEAN PMC + Japan), កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ លើកទី២៣, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១២, វេទិកាតំបន់អាស៊ាន (ARF) លើកទី២៩, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ- ជប៉ុន លើកទី១៥, សិក្ខាសាលាដែលត្រូវបានស្នើឡើង ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងបញ្ហាសំខាន់ៗមួយចំនួនដែលទាក់ទងនឹងកិច្ចប្រជុំទាំងនេះ ក៏ត្រូវបានពិភាក្សាដោយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដមឯកអគ្គរដ្ឋទូតផងដែរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ក្នុងកិច្ចពិភាក្សានេះថា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ និងដោយមានកិច្ចសហប្រតិបត្តិការ និងការយោគយល់ពីប្រទេសដែលចូលរួមទាំងអស់ កម្ពុជានឹងព្យាយាមធ្វើឱ្យល្អបំផុតតាមអាចធ្វើបាន ដើម្បីធ្វើឲ្យកិច្ចប្រជុំមានដំណើរការរលូន និងមានភាពងាយស្រួលដល់អ្នកចូលរួមទាំងអស់ ខណៈដែលឯកឧត្ដមឯកអគ្គរដ្ឋទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានធានាអះអាងជាថ្មីចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី អំពីការគាំទ្រយ៉ាងពេញលេញរបស់ជប៉ុនសម្រាប់ភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៕