ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ប្រើពេលជាង៣ម៉ោងដោយថ្មើជើង ក្នុងការចុះពិនិត្យមើលប្រឡាយ ដើម្បីរិះរកវិធានការរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀង

195

 

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានប្រើពេលជាង៣ម៉ោង ដោយថ្មើជើងក្នុងការដឹកនាំមន្ត្រីជំនាញ ដូចជាអាជ្ញាធរខណ្ឌចុះពិនិត្យមើលប្រឡាយទឹកនៅព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២២នេះ ដើម្បីរិះរកវិធានការ រំដោះការលិចលង់ភូមិឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។

លោកឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យនិងខណ្ឌទួលគោក ដោយចាប់ផ្តើមចេញពីចំណុចស្ថានីយបូមទឹកបឹងទំពុន ខណ្ឌមានជ័យ ដើរតាមមាត់ប្រឡាយរហូតមកដល់ប្រឡាយបឹងសាឡាង ផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក ដោយបញ្ចប់ នៅម៉ោងប្រមាណជាង១២ថ្ងៃត្រង់។

ក្នុងការចុះពិនិត្យមើលប្រឡាយទឹកនេះដែរ លោកឃួង ស្រេងបានជំរុញឱ្យក្រុមការងារ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹកនិងឧត្តុនិយមរាជធានីភ្នំពេញ សហការគ្នាធ្វើយ៉ាងណាស្ដារប្រឡាយបឹងទំពុន ប្រឡាយស្ទឹងមានជ័យនិងប្រឡាយបឹងសាឡាងអោយបានលឿន ដើម្បីបង្ការ ក៏ដូចជាអាចរំដោះទឹកបាននារដូវវស្សានេះ ពិសេសនៅប្រមាណ៣ទៅ៤ថ្ងៃខាងមុខនេះ បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧត្តុនិយម នៅរាជធានីភ្នំពេញរបស់យើងនឹងអាចមានភ្លៀងធ្លាក់ខ្លាំង ដែលយើងត្រូវតែត្រៀមលក្ខណៈដើម្បីទប់ទល់កុំអោយលិចលង់ខ្លាំងដោយជំនន់ទឹកភ្លៀងនេះ។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ បញ្ហាលិចលង់ភូមិឋានប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញជាកង្វល់របស់អាជ្ញាធររាជធានីនិងមន្ទីរពាក់ព័ន្ធ ។ ដូច្នេះ ទាំងអាជ្ញាធរនិងមន្ទីរជំនាញ់ពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នារិះរកអោយអស់គ្រប់មធ្យោបាយធ្វើយ៉ាងណា នាំទឹកអោយទៅដល់ស្ថានីយបូមទឹក នោះការលិចលង់នឹងអាចដោះស្រាយបាន។ ចំពោះមុខនេះ យើងត្រូវស្តារ កាយប្រឡាយទឹកអោយហូរអោយបានលឿនមកស្ថានីយបឹងទំពុននិងមួយផ្នែកទៀត ត្រូវស្តារនិងកាយប្រឡាយទឹកនេះ អោយហូរទៅប្រឡាយបារាំង ដើម្បីអោយទឹកហូរលឿនទៅដល់ស្ថានីយបូមទឹកលូប្រាំ ។

គួរបញ្ជាក់ថា នៅពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងឧត្តុនិយម រាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាព យ៉ាងសកម្ម ក្នុងការកាយ ស្តារប្រឡាយបឹងទំពុន ក្នុងគោលបំណងធ្វើយ៉ាងណា អោយទឹកហូរបានលឿន ដែលអាចរំដោះទឹកបាននៅរដូវវស្សានេះ៕

 

អត្ថបទដែលជាប់ទាក់ទង