ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើប្រៀបធៀបផ្លូវជាតិ និងផ្លូវល្បឿនលឿន ដែលបង់១២ដុល្លារនេះ គឺមានការចំណាយតិចជាងជិះនៅតាមផ្លូវជាតិ ដោយសារការប្រើផ្លូវជាតិ ប្រើសាំងច្រើនជាងដោយសារការកកស្ទះ

172

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា សម្រាប់តម្លៃនៃការជិះលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅក្នុងឆ្នាំទី១ ដែលជាឆ្នាំតំបូង យកតិចជាង៨សេន និងទៅតាមប្រភេទឡានដែលមាន ៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡានតូច) យក ១២ដុល្លារក្នុងមួយជើង និងចំពោះឡានធំ (ឡានដឹកទំនិញធុនធំ) យក៦០ដុល្លារ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំក្រុមការងារ និងមន្ត្រីជំនាញបន្តចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យ បច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «សម្រាប់តម្លៃនៃការជិះលើផ្លូវល្បឿនលឿននេះ នៅក្នុងឆ្នាំទី១នេះ គឺយកតិចជាង ៨សេន និងទៅតាម ប្រភេទឡាន ដែលមាន៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡានតូច) គឺយក ១២ដុល្លារ ក្នុងមួយជើង ចំពោះឡានធំ (ឡានដឹកទំនិញ) យក៦០ដុល្លារ តាមប្រភេទឡានពី ១២ដុល្លារ ឡើងដល់៦០ដុល្លារ។ ចាប់ពីឆ្នាំទី២ តទៅគឺចាប់ផ្តើមយកតម្លៃទៅតាមកិច្ចព្រមព្រៀងសម្បទាន ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន»

លោករដ្ឋមន្ត្រី បានបន្ថែមថា បើប្រៀបធៀបផ្លូវជាតិ និងផ្លូវល្បឿនលឿន ដែលបង់១២ដុល្លារនេះ គឺមានការចំណាយតិចជាងជិះនៅតាមផ្លូវជាតិ ដោយសារការប្រើផ្លូវជាតិ ប្រើសាំងច្រើនជាងដោយសារការកកស្ទះ ហើយសម្រាប់ការខូចខាតក៏មានច្រើន ក្នុងនោះបញ្ហាសុវត្ថិភាព ក៏មិនសូវមានសុវត្ថិភាពដូចផ្លូវល្បឿនលឿនផងដែរ ដែលជារួមទោះជាការបង់តម្លៃនៅក្នុងផ្លូវល្បឿនលឿន ក៏មានការចំនេញជាផ្លូវជាតិផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ពីរបៀបចំនួន ២ សម្រាប់ការបង់ប្រាក់ក្នុងការធ្វើដំណើរលើផ្លូវល្បឿនលឿនផងដែរ ដែលមានដូចជា៖

*ទី១៖ ត្រូវទិញកាត់ឱ្យហើយ ដែលជាកាតមានលុយក្នុងនឹងជាការស្រេច រួចដាក់នៅខាងមុខឡាន ហើយនៅបើកដល់បញ្ជរបង់ប្រាក់យើងមិនបាច់ឈប់នោះទេ ដោយម៉ាស៊ីនស្វ័យប្រវត្តិនឹងវាចាប់កាត់នឹង ចាប់ផ្លាកលេខឡាន ហើយដល់ពេលយើងចេញ ក្នុងកន្លែងបញ្ជរណាមួយ ម៉ាស៊ីននឹងកាត់លុយដោយស្វ័យប្រវត្ថិ នៅកន្លែងចេញនោះ។

*ទី២៖ ពេលមកដល់បញ្ជរបង់ប្រាក់ណាមួយ ខាងផ្នែកបេឡា និងផ្តល់កាតឱ្យមួយ ហើយបន្ទាប់ពីការឱ្យកាតនេះ គេនឹងដឹងថាយើងចូលនៅក្នុងទីទាំងណាមួយភ្លាម ហើយគេនឹងគិតលុយទៅតាមចំងាយដែលយើងបានជិះពេលចេញនៅតាមបញ្ជរបង់ប្រាក់ណាមួយ។

សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕

អត្ថបទដែលជាប់ទាក់ទង