វ៉ាត់ ចំរើន៖សហព័៍ន្ធជាតិ ដែលមានឈ្មោះចូលរួមស៊ីហ្គេមឆ្នាំ២០២៣ ត្រូវទទួលខុសត្រូវដោយខ្លួនឯង
ភ្នំពេញ៖ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថាសហ ព័ន្ធកីឡាជាតិដែលមានឈ្មោះចូលរួមស៊ីហ្គេមឆ្នាំ២០២៣ត្រូវអនុវត្តតួនាទីភារកិច្ចនិងត្រូវមានទំនួលខុសត្រូវខ្ពស់បំផុតតាមសហព័ន្ធរៀងៗខ្លួនដើម្បីធានាបាននូវការត្រៀមខ្លួនគ្រប់ជ្រុង
ជ្រោយ សម្រាប់ត្រៀមទទួលធ្វើម្ចាស់ផ្ទះប្រកបដោយឧត្តមភាពនាឆ្នាំក្រោយ។
សហព័ន្ធកីឡាជាតិទាំងអស់លែងស្រពេចស្រពិលរឿងមានឬមិនមានឈ្មោះក្នុងបញ្ជីនៃការប្រកួតការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ហើយបន្ទាប់ពីក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍(SEAGF)បានអនុម័តប្រភេទកីឡាសម្រាប់ស៊ីហ្គេមនៅកម្ពុជាក្នុងកិច្ចប្រជុំកាលពីថ្មីៗនេះ។
ការដែលយើងធ្វើការជាមួយសហព័ន្ធជាតិនេះក៏ដោយសារយើងឃើញនៅមានអ្វីដែលមិនទាន់សម្រេចគ្នាអ្វីដែលមិនទាន់ច្បាស់លាស់ព្រោះមុននឹងការសម្រេចរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍សហព័ន្ធនីមួយៗនៅមានភាពស្រពេចស្រពិលនៅឡើយថាខ្លួនមានឈ្មោះក្នុងការប្រកួតអត់? មានប្រភេទកីឡាខ្លួនអត់? មានវិញ្ញាសាខ្លួនអត់? តែឥឡូវនេះ បានន័យថា មានភាពច្បាស់លាស់អស់ហើយ ថាខ្លួនត្រូវចូលរួមប្រកួត។
ចាប់ពីពេលនេះទៅសហព័ន្ធកីឡាជាតិត្រូវត្រៀមខ្លួនបានគ្រប់ជ្រុងជ្រោយហើយនិង
បែងចែកភារកិច្ចគ្នាឲ្យបានច្បាស់លាស់តើសហព័ន្ធធ្វើអ្វីខ្លះ?សហការធ្វើអ្វីខ្លះ?សហព័ន្ធទាំង
អស់ត្រូវមានតួនាទីភារកិច្ចទទួលខុសត្រូវឲ្យបានគត់មត់ហើយចាប់ពីឥឡូវទៅសហព័ន្ធកីឡាជាតិ គាត់ត្រូវធ្វើការឲ្យបានជាក់លាក់។
ចំពោះការជជែកអំពីការរៀបចំយុទ្ធសាស្ដ្រសម្រាប់ការប្រកួតក្នុងនាមជាម្ចាស់ផ្ទះឯក
ឧត្តមអគ្គលេខាធិការបានស្នើឲ្យសហព័ន្ធសាមីត្រូវរក្សានូវការសម្ងាត់ក្នុងផ្នែកបច្ចេកទេសរៀងៗខ្លួន ហើយបន្ដធ្វើយុទ្ធសាស្ដ្រស៊ីជម្រៅក្នុងការងារបច្ចេកទេសនេះឲ្យបានកាន់តែល្អប្រសើរ ដើម្បីស្វែងរកឧត្តមភាពក្នុងការប្រកួតកីឡាស៊ីហ្គេម ជាប្រវត្តិសាស្ដ្រ នៅកម្ពុជា នាឆ្នាំ២០២៣។
សម្រាប់ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡា៣៩ប្រភេទ បូកជាមួយកីឡាសម្ដែង (Demonstration Sport) ១ប្រភេទត្រូវបានកំណត់ដាក់ឲ្យប្រកួតជាផ្លូវការ ៕