ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ បានតាំងទីលំនៅខុសច្បាប់ចំនួន ៦៨៩ គ្រួសារ ក្នុងតំបន់រមណីយដ្ឋានអង្គរ ស្ម័គ្រចិត្តទៅរស់នៅ តំបន់ភូមិធម្មជាតិរុនតាឯក

179

 

សៀមរាប ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន បានលើកឡើងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេស ដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានសម្រេចលទ្ធផល វាស់វែងក្បាលដីបានចំនួន ២០.០៣១ ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២ ៣១៥ ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន ៦ ៧៣៧ ក្បាលដី ក្នុងទំហំសរុប ៤០ ១១៨ ហិកតានៃទីតាំង។ ចំណែកប្រជាពលរដ្ឋ ដែលបានតាំងទីលំនៅខុសច្បាប់ សរុបចំនួន ៦៨៩ គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅ តំបន់ភូមិធម្មជាតិរុនតាឯក។

អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ២៦ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្ដីពី ការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសចំនួន ៦៨ ក្រុម មានមន្ត្រីជំនាញសរុបចំនួន ៧៨១, រូប ចុះសហការជាមួយមន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន៣៥២ រូប ដោយមានការសហការ ជាមួយមន្ត្រីមូលដ្ឋានថ្នាក់ភូមិ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ នឹងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា។

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសបានសម្រេចលទ្ធផល ដូចខាងក្រោម ៖

១)វាស់វែងក្បាលដីបានចំនួន ២០.០៣១ ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២ ៣១៥ ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន ៦ ៧៣៧ ក្បាលដី ក្នុងទំហំសរុប ៤០ ១១៨ ហិកតានៃទីតាំងទាំងបីដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

២)បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧ ៣២២ គ្រួសារ ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតួបលក់ដូរសរុបចំនួន៤៤ តូប ក្នុងនោះ ៣៤ តួប លក់វត្ថុអនុស្សាវរីយ៍ ស្ថិតនៅលើខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ និង ១០តូប ស្មើ ៧៩ ខ្ទុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក។

៣)ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩ គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅ តំបន់ភូមិធម្មជាតិរុនតាឯក ក្នុងនោះ ២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ និងត្រូវចូលរួមចាប់ឆ្នោតទទួលយកដីឡូត៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨ និង ៣០ នាទីព្រឹក នៅសាលាខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង