ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលទីក្រុងញូដេលី បានសម្រេចបណ្តេញមន្រ្តី ៣រូប ចេញពីតំណែង ជុំវិញករណីបាញ់មីស៉ីលដោយចៃដន្យ ចូលទៅក្នុងទឹកដីនៃប្រទេសប៉ាគីស្ថាន

105

ញូដេលី៖ កងទ័ពអាកាសឥណ្ឌា បានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលទីក្រុងញូដេលី បានសម្រេចបណ្តេញមន្រ្តី ៣រូប ចេញពីតំណែង ជុំវិញករណីបាញ់មីស៉ីលដោយចៃដន្យ ចូលទៅក្នុងទឹកដីនៃប្រទេសប៉ាគីស្ថាន កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។

នាពេលកន្លងមក មន្រ្តីជំនាញខាងយោធាបានព្រមានពីហានិភ័យនៃគ្រោះថ្នាក់ ឬការគណនាខុសដោយប្រទេសជិតខាង ដែលធ្លាប់បានបង្កជាសង្រ្គាម ចំនួនបីលើក និងការប៉ះទង្គិចប្រដាប់អាវុធជាច្រើនសារ នៅឯតំបន់ជម្លោះកាស្មៀរ (Kashmir)។ នៅក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសឥណ្ឌា បានឲ្យដឹងថា តុលាការបានបើកស៉ើបអង្កេតលើអង្គហេតុនៃសំណុំរឿងនេះ រួមទាំងការវែកញែករកអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះ ហើយបាន រកឃើញថា ដោយសារតែការធ្វេសប្រហែសក្នុងការអនុវត្តនីតិវិធីប្រតិបត្តិតាមស្តង់ដារនៃមន្រ្តី ៣នាក់ ទើបនាំឲ្យមានការបាញ់មីស៉ីលដោយចៃដន្យនេះ។ ដូច្នេះរដ្ឋាភិបាលឥណ្ឌា បានសម្រេចបណ្តេញមន្រ្តីទាំង ៣រូបនេះចេញ នៅថ្ងៃអង្គារសប្តាហ៍នេះ។

គួរបញ្ជាក់ថា ប្រ៉ាម៉ូស (BrahMos) ជាប្រភេទមីស៉ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយរុស្ស៊ី និងឥណ្ឌា ត្រូវបានបាញ់ ដោយចៃដន្យកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដែលជំរុញឲ្យប៉ាគីស្ថាន ព្រមាន និងស្វែងរកចម្លើយតបពីទីក្រុងញូដេលី លើយន្តការសុវត្ថិភាពដើម្បី ទប់ស្កាត់កុំឱ្យហេតុការណ៍បែបនេះកើតឡើងជាថ្មី ខណៈមិនមាន នរណាម្នាក់រងរបួសនោះទេ៕

អត្ថបទដែលជាប់ទាក់ទង