ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ បញ្ជាឲ្យបើកការស្រាវជ្រាវជាបន្ទាន់ ពាក់ព័ន្ធការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ក្នុងមូលដ្ឋានខេត្ត

143

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានអះអាងថា បទបញ្ជារបស់លោក គួច ចំរើន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី២៤ ខែសីហាម្សិលមិញ។

ពាក់ព័ន្ធករណីការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រដ្ឋបាលខេត្តមានវិធានការដូចខាងក្រោម៖

*ទី១៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានព្រះរាជអាជ្ញា ជាអ្នកដឹកនាំការស្រាវជ្រាវ និងសម្របសម្រួលនីតិវិធី ពាក់ព័ន្ធនឹងការទិញ-លក់ពលកម្ម
ការជួញដូរ ការបង្ខាំង និងត្រូវចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ឲ្យបានធ្ងន់ធ្ងរជាដាច់ខាត។

*ទី២៖ ចំពោះទីតាំងដែលជនល្មើសប្រើប្រាស់សម្រាប់ការទិញ-លក់កម្លាំងពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ គឺត្រូវបិទអាជីវកម្មជាដាច់ខាត និងនាំយកជនល្មើស និងម្ចាស់ទីតាំងដែលចូលរួមសមគំនិត មកផ្តន្ទាទោសតាមច្បាប់ឲ្យបានធ្ងន់ធ្ងរ និងដោយគ្មានការលើកលែងឡើយ។

ចំពោះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីការទិញ-លក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធ នឹងអនុវត្តឲ្យបានហ្មត់ចត់ជាទីបំផុត ដោយស្រាវជ្រាវឲ្យដល់ឫសគល់ និងមេក្លោង ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕

អត្ថបទដែលជាប់ទាក់ទង