ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តស្វាយរៀង នឹងត្រូវប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

115

 

ខេត្តស្វាយរៀង ៖ ឯកឧត្តមទេសរដ្ធមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលបានដាក់ពង្រាយកម្លាំងបោសសម្អាតមីននៅខេត្តស្វាយរៀង ក្រោមការគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

ពិធីសំណេះសំណាលនេះ មានការចូលរួមពី ឯកឧត្ដម ហេង រតនា អគ្គនាយកស៊ីម៉ាក់ ថ្នាក់ដឹកនាំអាជ្ញាធរមីន មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង/ស្រុកទាំង៨ដែលមានផលប៉ះពាល់ដោយសារមីន និងជនរងគ្រោះដោយសារមីន។

បន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានពង្រាយកងកម្លាំងបោសសម្អាតមីនរបស់ស៊ីម៉ាក់ក្នុងខេត្តចំនួន ៥ ដើម្បីប្រកាសជាខេត្តអស់មីន រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និងខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីមានមីនប្រមាណ ៣១គីឡូម៉ែត្រក្រឡា។ ការងារបោសសម្អាតមីននៅខេត្តស្វាយរៀង នឹងត្រូវបញ្ចប់ក្នុងរយៈពេល ១១ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ដើម្បីប្រកាសខេត្តស្វាយរៀង ជាខេត្តអស់មីន ដែលត្រូវបោសសម្អាតក្នុងទំហំផ្ទៃដីមានមីន ១២,៣៨ គីឡូម៉ែត្រក្រឡា ។

ជាមួយ គ្នានេះ ឯកឧត្តមទេសរដ្ធមន្ត្រី បានស្នើសុំឲ្យកងកម្លាំងបោសសម្អាតមីនស៊ីម៉ាក់ ត្រូវធ្វើការបោសសម្អាត និងកំទេចគ្រាប់មីនឲ្យអស់ពីទឹកដីខេត្តស្វាយរៀង ដើម្បីផ្តល់ដីសុវត្ថិភាព និងបង្កើតស្នាមញញឹមជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានរបស់អង្គភាពស៊ីម៉ាក់ ដែលជាប្រតិបត្តិករដោះមីនជាតិដ៏ឆ្នើម ចូលរួមផ្តល់សុខសុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការងារបោសម្អាតមីន៕

អត្ថបទដែលជាប់ទាក់ទង