ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញឈាមថ្មី ដែលសម្រាប់ជំនួសឈាមចាស់

79

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជ្រើសរើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ឆ្នាំ២០២២ បានបញ្ចប់ហើយ។
ព្រឹត្តិកាណ៍នេះបានចាប់ផ្ដើមតាំងពីថ្ងៃទី២០ខែមីនាឆ្នាំ២០២២ដោយមានក្រុមមកពីសាលាបាល់ទាត់តម្រង់ ២៥រាជធានី-ខេត្ត និងក្លិបបាល់ទាត់នានា នៅកម្ពុជា។ ក្នុងនោះក៏ មានយុវជនអាយុក្រោម ១៥ឆ្នាំ មានចំនួន ៣៧ក្រុម មកពីក្លិបចំនួន ១៤ និងសាលាតម្រង់ទិស ២៣រាជធានី-ខេត្ត ខណៈយុវជនអាយុក្រោម ១៨ឆ្នាំ មានចំនួន ៣៩ក្រុម មកពីក្លិបចំនួន១៤ និងសាលាតម្រង់ទិស ២៥រាជធានី-ខេត្ត។

បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់រយៈពេលជាង៥ខែ ទីបំផុត ក្រុមម្ចាស់ជ័យលាភី ត្រូវបានរកឃើញ ដោយជើងឯកអាយុក្រោម ១៨ឆ្នាំ បានទៅ U-18 វិសាខា ក្រោយយកឈ្នះ U-18ភ្នំពេញក្រោនដោយលទ្ធផល៣ទល់១ក្នុងវគ្គផ្ដាច់ព្រ័ត្រស្របពេលដែលជើងឯកអាយុ
ក្រោម ១៥ឆ្នាំ បានទៅលើ U-15 សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army) ក្រោយបានយកឈ្នះ U-15 សាលាតម្រង់ទិសខេត្តស្វាយរៀង ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី ៥ទល់៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រដូចគ្នា។
នេះជាឈាមថ្មីដែលត្រៀមខ្លួនដើម្បីជំនួសឈាមចាស់សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនិងព្រឹត្តិការណ៍ពានរង្វាន់ធំៗផ្សេងៗទៀត។

ឯកឧត្តមឡាឡៃរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាតំណាងឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធ បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កីឡាករយុវជន គ្រូបង្វឹក និងមន្ត្រីរៀបចំការប្រកួត និងចាត់ទុកថា សកម្មភាពដ៏មានសារសំខាន់របស់សហព័ន្ធ ជាពិសេស ភាពស្របគ្នាទៅនឹងផែនការអភិវឌ្ឍយុវជនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
ឯកឧត្តម បានមានប្រសាសន៍ ថា លទ្ធផលដែលទទួលបានពីការរៀបចំនៅពេលនេះ គឺជាចំណុចសំខាន់មួយនៅក្នុងចំណោមចំណុចសំខាន់ទាំង១២នៃចក្ខុវិស័យបេសកម្មរបស់
សហព័ន្ធបាល់ទាត់កម្ពុជាដែលបានបង្ហាញពីវឌ្ឍនភាពនិងគោលបំណងដែលមានខ្លឹមសាររួមដូចខាងក្រោម។

ព្ករឹត្តិការណ៍នេះផ្ដល់ឱកាសឱ្យយុវជនជាច្រើន បានចូលរួមបង្កើនសមត្ថភាពរបស់ខ្លួន ស្របគ្នាទៅនឹងផែនការអភិវឌ្ឍយុវជនសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ក្នុងនោះ
មានធនធានកីឡាករ ដែលមានអាយុ ១៨ឆ្នាំ ឈានចូល ១៩ឆ្នាំ ក្នុងឆ្នាំ២០២២នេះ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែម។
បច្ចុប្បន្ននេះ សហព័ន្ធបាល់ទាត់កម្ពុជា កំពុងយកចិត្តទុកដាក់ពង្រឹងបរិមាណកីឡាករ រកកម្រិតអាយុនេះឱ្យកាន់តែច្រើន ជាមួយនឹងស្ថេរភាព និងគុណវុឌ្ឍបច្ចេកទេសជាសំខាន់ ដែលក្នុងនោះការអភិវឌ្ឍ ការប្រកួតមានស្ដង់ដា និងគុណភាពខ្ពស់ទាក់ទងនឹងរយៈពេល ព្រមទាំងរូបមន្តប្រកួតស្របតាមកម្មវិធីអាទិភាពនៃផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទាំង១២ចំណុច ដែលសហព័ន្ធកីឡាបាល់ទាត់បានដាក់ចេញ។
យុទ្ធសាស្រ្តទាំង១២ចំណុចរួមមាន រួមមាន៖ ទី១ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ២ ការអភិវឌ្ឍថ្នាល និងយុវជន, ៣ ការអភិវឌ្ឍប្រកួត, ៤ ការអភិវឌ្ឍក្រុមជម្រើសជាតិ, ៥ ការអភិវឌ្ឍគ្រូបង្វឹក, ៦ ការអភិវឌ្ឍអាជ្ញាកណ្ដាល, ៧ ការអភិវឌ្ឍបាល់ទាត់ក្នុងសាល, ៨ ការអភិវឌ្ឍបាល់ទាត់នារី, ៩ ការទទួលធ្វើជាម្ចាស់ផ្ទះ, ១០ ការអភិវឌ្ឍក្លិប, ១១ ការអភិវឌ្ឍការគ្រប់គ្រង រដ្ឋបាល និងនីតិកម្ម និងទី១២ ការអភិវឌ្ឍទីផ្សារ ព័ត៌មាន និងអ្នកគាំទ្រ៕

អត្ថបទដែលជាប់ទាក់ទង